ភ្នំពេញ : អនុលោមតាមមាត្រា ៧៧ មាត្រា ៧៨ និងមាត្រា ៧៩ នៃច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិស្តីពីអាករលើ តម្លៃបន្ថែម កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំលេខ ១០៣៦២ អពដ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ បន្ទាប់ពីបានប្រជុំពិភាក្សា ជាមួយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នូវរូបមន្តជ្រើសរើសយកអត្រាប្តូរប្រាក់មួយដែលឆ្លុះ បញ្ចាំងពីទីផ្សារពិតប្រាកដ និងដោយបច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានផ្លាស់ប្តូរវិធីសាស្ត្រថ្មីនៃការកំណត់ អត្រាប្ដូរប្រាក់ផ្លូវការ ដែលជាអត្រាអន្តរធនាគារអនុវត្តនៅក្នុងប្រព័ន្ធជួញដូររបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform “NBCP”) និងបានឆ្លុះបញ្ចាំងពីអត្រាប្ដូរប្រាក់ទីផ្សារជាក់ស្ដែង។ ក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព ជាពិសេសផ្តល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់អត្រាប្ដូរប្រាក់ដែលសមស្របនឹងអត្រាប្ដូរប្រាក់ទីផ្សារ អគ្គនាយកដ្ឋានពន្ធដារសម្រេចឱ្យ អ្នកជាប់ពន្ធទាំងអស់ប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយប្រចាំថ្ងៃជំនួសវិញ។
ដូច្នេះ ដើម្បីធានាដល់ការអនុវត្តអត្រាប្តូរប្រាក់ផ្លូវការ សម្រាប់ការប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ និងធានា ដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់ ក៍ដូចជាជួយសម្រួលដល់ការអនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដូចខាងក្រោម+
១.អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ
អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជា ឬអត្រាប្តូរប្រាក់ ទីផ្សារ ប៉ុន្តែមិនត្រូវទាបជាងអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់រំលេចប្រាក់រៀលលើតម្លៃ សរុបក្នុងវិក្កយបត្រ។ ក្នុងករណី ការផ្គត់ផ្គង់ត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬមុនម៉ោងដែលធនាគារជាតិនៃកម្ពុជា មិនទាន់បានចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។
ចំពោះអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ មិនតម្រូវឱ្យរំលេចប្រាក់រៀល លើតម្លៃសរុបក្នុងវិក្កយបត្រឡើយ។ ដោយឡែក សម្រាប់គោលដៅរៀបចំលិខិតប្រកាសពន្ធជាប្រាក់រៀល និងគណនា អាករលើតម្លៃបន្ថែមត្រូវបង់ អ្នកជាប់ពន្ធអនិវាសនជនត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ ដូចមានចែងក្នុង ចំណុចទី៣ នៃសេចក្តីណែនាំនេះ។
២.អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស
អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា រៀងរាល់ថ្ងៃទី១៥ នៃ ខែនីមួយៗ សម្រាប់គណនាពន្ធលើប្រាក់បៀវត្ស។ ក្នុងករណី ថ្ងៃទី១៥ នៃខែនីមួយៗ ចំថ្ងៃឈប់សម្រាក ដែលធនាគារជាតិ នៃកម្ពុជាមិនបានចេញផ្សាយអត្រាប្ដូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិន កម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។
៣. អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ
អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយ នៃ ខែនីមួយៗ) សម្រាប់គណនាពន្ធត្រូវបង់ប្រចាំខែ ចំពោះការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជី អាករលើតម្លៃបន្ថែមសាមញ្ញ ឬប្រតិបត្តិការទាំងឡាយណាដែលមិនមានរំលេចប្រាក់រៀលលើវិក្កយបត្រដូចជា ប្រតិបត្តិការ ដែលទទួលការផ្គត់ផ្គង់ពីបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស ឬពីអនិវាសនជន ជាដើម។
៤. អត្រាប្តូរប្រាក់ផ្លូវការប្រចាំឆ្នាំ
អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយ នៃខែធ្នូ នៃឆ្នាំនីមួយៗ សម្រាប់រៀបចំលិខិតប្រកាសពន្ធប្រចាំឆ្នាំ និងគណនាពន្ធត្រូវបង់ប្រចាំឆ្នាំ។
សេចក្ដីណែនាំលេខ ១០៣៦២ អពដ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវទុកជានិរាករណ៍។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ : សិលា