ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២នេះថា៖សាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានបន្តដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងទិសដៅកាត់បន្ថយអំពើមិនសុចរិតក្នុងអាជីវកម្មប្រេងឥន្ធនៈពីការកេងបន្លំគ្រប់រូបភាព។
ជាក់ស្តែងនាថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២នេះ មន្ត្រីជំនាញនៃសាខា ក.ប.ប. ក្នុងរាជធានី ខេត្តខាងលើ បានធ្វើការត្រួតពិនិត្យលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបបានចំនួន ២៩ទីតាំង ដោយបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង និងបានអនុវត្តចំណាត់ការតាមនីតិវិធីស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
គួរជម្រាបផងដែរថា ចំពោះទីតាំងណាដែលប្រកបអាជីវកម្មមិនស្មោះត្រង់ មិនអនុលោមភាពក្នុងធុរកិច្ចរបស់ខ្លួននោះ មន្ត្រីជំនាញ និងចាត់វិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕ ដោយ៖សហការី