ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានអំពាវនាវ ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញអោយបានច្រើន ពិសេស វិស័យ ម្ហូបអាហារ ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកើនឡើង ផ្តល់ឱកាសអោយប្រជាពលរដ្ឋខ្មែរមានការងារធ្វើនិងជាការទាក់ទាញ ភ្ញៀវ ទេសចរណ៍ផងដែរ។
លោក ឃួង ស្រេង បានអំពាវនាវ
បែបនេះ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខណៈលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធី“សម្ភោធភោជនីយដ្ឋានចំនួន៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង និង លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វាន់ ហ៊ូដ (Fun Food Co.Ltd) ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កាលបើយើងធ្វើម្ហូបឆ្ងាញ់ពិសារ វាជាកត្តាមួយនាំអោយភ្ញៀវទេសចរណ៍មកកម្ពុជាកាន់តែច្រើន ។ ដូច្នេះ លោកសូមអំពាវនាវដល់អ្នកវិនិយោគទុន សូមមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញអោយកាន់តែច្រើន ពិសេសលើវិស័យម្ហូបអាហារ ដើម្បីអោយសេដ្ឋកិច្ចប្រទេសកើនឡើង ជាមួយនិងការផ្តល់ឱកាសអោយប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ហើយវាក៏ជាការទាល់ទាញភ្ញៀវទេសចរណ៍ផងដែរ។
លោក ឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពិធីសម្ពោធភោជនីយដ្ឋានថ្មី ក្នុងថ្ងៃនេះ មិនត្រឹមតែជា សក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ ។ ប៉ុន្តែវាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំ ទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំ បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ពេលបច្ចុប្បន្ន វិនិយោគិន ធុរជន ពាណិជ្ជករ និងវិស័យឯកជន បាននឹងកំពុងរីករាយទទួលយក នូវមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយក្នុងការធ្វើ អាជីវកម្មស្របច្បាប់គ្រប់ប្រភេទ ហើយស្តង់ដារស់នៅប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏កាន់តែមានភាពល្អប្រសើរឡើង ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសផលិតផល ម្ហូបអាហារ-ភេសជ្ជៈដែលមានគុណភាព-អនាម័យ និងការបើកអាជីវកម្មដ្ឋាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ ប្រជាពលរដ្ឋទូទៅ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងបានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នកគ្រប់គ្រង ភោជនីយដ្ឋាន និងបណ្ដាអាជីវកម្មទាំងអស់ សូមជួយគាំទ្រកសិផល ផលិតផល និងគ្រឿងទេសដែលមានស្រាប់ក្នុងស្រុក ដើម្បីជួយដល់ បងប្អូនប្រជាកសិករខ្មែរ សេវាករ និងផលិតករក្នុងស្រុក ឱ្យមានជីវភាព ប្រសើរឡើង ជួយដល់សេដ្ឋកិច្ចជាតិ រីកចម្រើនទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ជាក្រុមហ៊ុនមានអាជីវកម្មក្នុងវិស័យ ម្ហូបអាហារ ដោយបានផ្តល់ជូននូវមុខម្ហូបប្លែកៗសម្បូរបែប នៅតាមបណ្តាផ្សារទំនើបៗក្នងរាជធានីភ្នំពេញ ។ មកទល់ពេលនេះ ក្រុមហ៊ុន បានបង្កើតភោជនីយដ្ឋានបានរហូតដល់ ១១ ទីតាំង និងកំពុងពង្រីក សាខារបស់ខ្លួនបន្ថែមទៀត ប្រកបដោយភាពជោគជ័យ និងការនិយម ចូលចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុង៕ ដោយ៖សំរិត