ខេត្តកណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសលេខទូរស័ព្ទទទួលបណ្តឹង និងជួយអន្តារគមន៍ដល់ប្រជាពលរដ្ឋដែលមកកម្សាន្តពិធីប្រណាំងទូកនៅក្រុងតាខ្មៅ។
សូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក ង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដទៅ ថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ឲ្យបានជ្រាបថា ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំទីបញ្ជាការស្រាល ចំនួន២កន្លែង ចាំទទួលពាក្យពាក្យបណ្ដឹង ជួយអន្ដរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាណាមួយពេលមកទស្សនាកម្សាន្ដនេះ ។
កម្លាំងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំផែនការការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ ឲ្យបានសប្បាយរីករាយ ។ សូមបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ សប្បាយរីករាយ ឲ្យបានច្រើនកុះករ ។ ទំនាក់ទំនងលេខទូរសព្ទ Tel ៖ 0977780001 ។
ជាមួយគ្នានោះ នៅរសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទស្សនាការប្រណាំទូកនៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ។ ទន្ទឹមនោះ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋបានអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករ ប្រកបភាពសប្បាយរីករាយផងដែរ៕ដោយ៖សហការី