ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលជំនាញទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៤១៣គ្រឿងទៀត នាថ្ងៃទី២៩ ខែតុលានេះ ក្នុងនោះមានម៉ូតូ ៣២៦គ្រឿង និងរថយន្ត ៨៧គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា៖ គិតថ្ងៃទី២៩ ខែតុលា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៣,៣៤៥គ្រឿង ក្នុងនោះមានម៉ូតូ ១០៧,០១២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៧,៣៣៣គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ទូរស័ព្ទ ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន ឆៀក ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។
ជាមួយគ្នានោះ លោកអ្នកនាំពាក្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមជម្រាបជូនដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែតុលានេះដែរ បានកើតឡើងចំនួន ០៨លើក ក្នុងនោះស្លាប់ចំនួន ០៧នាក់ របួសចំនួន ០៣នាក់ (របួសធ្ងន់ ០២នាក់)។ រយៈពេល៣០២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៤៨៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤៤៦នាក់ របួស ៣,៤២៩នាក់ (របួសធ្ងន់ ២,១៧៤នាក់)៕ដោយ៖សហការី