លោកស្រី ជ្រឹង បុទុមរង្ស៊ី ឯកអគ្គទូតខ្មែរប្រចាំប្រទេសកូរ៉េបញ្ជាក់ថា ករណីរត់ជាន់គ្នាស្លាប់នៅទីក្រុងសេអ៊ូល មិនមានជនជាតិខ្មែរនោះទេ

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ករណីរត់ជាន់គ្នាស្លាប់ នៅក្រុងសេអ៊ូល នៃ​ប្រទេស​សាធារណរដ្ឋកូរ៉េ មានជនបរទេសចំនួន ២៦នាក់ បានស្លាប់បាត់បង់ជីវិត ហើយ​ក្នុង​ចំណោម​ជនបរទេស​ដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកស្រី ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូតកម្ពុជា ប្រចាំ​នៅ​សាធារណ​រដ្ឋកូរ៉េ បានឲ្យដឹងថា ករណីនេះ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េ កំពុងបន្ត​តាម​ដាន​ព័ត៌មាន​បន្ត​ទៀត ដោយយកចិត្តទុកដាក់ ហើយបើបងប្អូនណាមានព័ត៌មាន អំពីការបាត់ដំណឹងមិត្តភ័ក្ដិ ឬ​បងប្អូ​ន​នៅក្នុងហេតុការណ៍នេះ សូមមេត្តាផ្តល់ព័ត៌មានមកស្ថានទូតជាបន្ទាន់ ដើម្បី​ធ្វើ​ការ​អន្តរាគមន៍ ហើយអាចទាក់ទងតាមលេខទូរស័ព្ទ 01075104324 ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែតុលា មានករណីប្រជ្រៀតជាន់គ្នានៃពិធីបុណ្យ Halloween ក្នុងទីក្រុងសេអ៊ូល ដោយមានមនុស្សស្លាប់ចំនួន ១៥៣នាក់ ភាគ ច្រើនមានវ័យ ២០ឆ្នាំ ហើយក្នុងនោះមានជនបរទេសស្លាប់ចំនួន ២៦នាក់ ដែលមានជនជាតិចិន អ៊ីរ៉ង ជប៉ុន រុស្ស៊ី និងអូស្ត្រាលី ។

មនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ស្រុក Itaewon របស់​ទីក្រុង​សេ​អ៊ូ​ល សម្រាប់​ការ​កាន់ទុក្ខ​កាល​ពី​ថ្ងៃ អាទិត្យ​ដោយ​ដាក់​ផ្កា និង​កាន់ទុក្ខ​ជនរងគ្រោះ​ក្នុង​ហេតុ ការណ៍​ប្រជ្រៀត​ជាន់​គ្នា​នៃ​ពិធីបុណ្យ Halloween កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​ ១៥០​នាក់​ស្លាប់​។

​គេ​ជឿ​ថា ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ខណ្ឌ Itaewon សម្រាប់​សកម្មភាព​នានា​នៃ​ពិធី​បុណ្យ​នេះ​កាលពី​យប់​ថ្ងៃ​សៅរ៍​។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol បាន​ប្រកាស​ពិធី​កាន់ទុក្ខ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃអាទិត្យ និង​បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​នៅ​តាម​អគារ​រដ្ឋាភិបាល និង​ការិយាល័យ​សាធារណ​នានា​។

...

ថ្លែង​អំឡុង​សុន្ទរកថា​តាម​ទូរទស្សន៍​លោក Yoon​ បាន​និយាយ​ថា ​ការ​គាំទ្រ​ដល់​ក្រុមគ្រួសារ​ជន​រង​គ្រោះ រួមទាំង​ការរៀបចំ​ពិធី​បុណ្យ​សព​របស់​ពួកគេ​ ក៏ដូចជា​ការព្យាបាល​របួសគឺជា​ចំណុច​ចម្បង​សម្រាប់​រដ្ឋាភិបាល​របស់​លោក​។ ម្ចាស់​អាជីវករ​ផ្សេងៗ​នៅក្នុង​ស្រុក Itaewon បាន​ព្យួរ​ស្លាក​មុខ​ហាង​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយ​ថា បិទ​ហាង​សម្រាប់​ពេលវេលា​កាន់​មរណទុក្ខ​៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print