ខេត្តកំពង់ចាម៖ ទស្សនិកជនជាច្រើនពិតជាធ្លាប់បានស្គាល់ពីស្នាដៃផលិតវីដេអូ និងចម្រៀងរបស់តារាសម្តែង សុគន្ធ ដាវីត ជាក់ជាមិនខាន ដែលលោកបានប្រឹងប្រែងលើវិស័យសិល្បៈជាច្រើនឆ្នាំកន្លងមកហើយ។ នៅពីក្រោយភាពជោគជ័យនេះគឺមានរឿងរ៉ាវជាច្រើនដែលលោកបានលាក់ទុក នោះគឺប្រវត្តិនៃជីវិតជាក្មេងកំព្រា។
អស់រយៈពេលជាច្រើនឆ្នាំនៃការចូលប្រឡូកក្នុងវិស័យសិល្បៈ តារាសម្តែង និងចម្រៀង សុគន្ធ ដាវីត ហាក់មិនដែលរំលឹក និងបើកបង្ហាញពីជីវិតក្រុមគ្រួសារឡើយ។ ទស្សនិកជនជាច្រើនពិតជាបានឃើញត្រឹមស្នាមញញឹមដែលតារាប្រុសរូបនេះមាន និងមានអ្នកច្រណែនមិនតិចនាក់ទេ ប៉ុន្តែពេលដឹងជីវិតពិតគឺពិតជាកម្សត់ខ្លាំងមិននឹកស្មានដល់ព្រោះតែចាប់តាំងពីតូចមកលោកខ្វះភាពកក់ក្តៅពីក្រុមគ្រួសារ ដែលទើបនឹងកើតបានមួយសប្តាហ៍ម្តាយឪពុកលែងលះគ្នា ឪពុកមានប្រពន្ធថ្មី ចាកចេញពីគ្រួសារ ក្រោយមកម្តាយបានទទួលមរណភាពដែលបន្សល់ឲ្យលោកមានឈ្មោះជាកូនកំព្រារស់នៅជាមួយជីដូនជីតាដែលធ្វើស្រែចម្កាចិញ្ចឹមខ្លួនឲ្យបានធំធាត់និងមានឱកាសសិក្សាដូចក្មេងដទៃ។ ការទម្លាយទាំងអួលដើមករនេះគឺស្របពេលដែលលោកកំពុងជួបទុក្ខធំគឺចំថ្ងៃនៃពិធីបុណ្យសពរបស់ជីដូននាទឹកដីកំណើត ដែលលោកបានចាត់ទុកថាជាទុក្ខធំមួយសម្រាប់ខ្លួនដែលបានបាត់បង់អ្នកមានគុណជាទីគោរពស្រលាញ់ស្មើជីវិត ។ ក្នុងវីដេរអូរយៈពេលជាង៣នាទីមិនអាចរៀបរាប់អស់អំពីអារម្មណ៍សោកសង្រេង និងជីវិតរស់នៅដែលគ្មានភាពកក់ក្តៅដូចក្មេងដទៃ។ លោកបានលើកឡើងដែរថា ក្រោយជីដូនជីតា មានវ័យចាស់មិនអាចធ្វើស្រែចម្កាបានដូចមុនលោកសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី១២ និងមកបន្តរកការងារនៅភ្នំពេញដែលគ្រានោះលោកមានប្រាក់ត្រឹម៨ពាន់រៀល និងសុំការងារគេធ្វើតាមហាងនានា។អ្វីដែលលោកមិនអាចទទួលយកបាននៅពេលនេះគឺសូម្បីដង្ហើមចុងក្រោយរបស់ជីដូនក៏លោកមិនបានទាន់ផង៕
ដោយ វឌ្ឍនា