ភ្នំពេញ ៖ បុរសម្នាក់ធ្វើចរាចរណ៍នៅតាមដងផ្លូវនឹងជួយរីយ៉ែរថយន្តឱ្យគេគ្រាន់បានថវិកាចិញ្ចឹមគ្រួសារ ហើយត្រូវម៉ូតូបុកបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ខាងមុខបុរី ជារី ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះរូបនេះមិនបានស្គាល់ឈ្មោះ និងអាស័យដ្ឋាននោះទេ ។ ចំណែកម៉ូតូដែលបើកបុកជនរងគ្រោះម៉ាកហុងដា (ZOOMER-X) ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GD-1514 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
ប្រភពព័ត៌មាននៅពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាអ្នកធ្វើចរាចរណ៍នៅទល់មុខបុរី ជារី និងជួយរីយ៉ែរថយន្តនៅហាងក្បែរកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះដើរឆ្លងផ្លូវ ស្រាប់តែមានម៉ូតូម៉ាកហ្ស៊ូមមើ អិច បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនបានបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង ចំណែកអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់បែកមុខផងដែរ ។
ប្រភពព័ត៌មានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗបងប្អូនប្រជាពលរដ្ឋបានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មកដឹកជនរងគ្រោះភ្លាមៗ ដោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈទាំង២នាក់ ។
បន្ទាប់ពីកើតហេតុកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២បានយកម៉ូតូហ្ស៊ូមមើ អិចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ជ្រោយពេជ្រ