ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងនៅព្រឹកថ្ងៃអង្គារទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ០៥ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនបរទេសចំនួន ២១នាក់ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៩ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថ្មីៗនេះ។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា សំណើទាំង ០៥ករណី រួមមាន៣សញ្ជាតិ៖ ស្នើឱ្យសង្រ្គោះជនជាតិវៀតណាម ៧នាក់, ចិន ០៣នាក់, និងបង់ក្លាដេស ១១នាក់។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្តថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ រួមមានដូចខាងក្រោម៖
*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៥៣៦ករណី មានមនុស្ស ១,៣៨៣នាក់
*២៖ បានស្រាវជ្រាវអង្កេត រកឃើញ ២៨១សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញមនុស្ស ៦៦១នាក់, ឃាត់ខ្លួនជនសង្ស័យ ៨២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
*៣៖ កំពុងបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ១១៨សំណើ។
សូមជម្រាបជូនថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅប្រទេសកម្ពុជានេះ៕ដោយ៖សហការី