គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំពិនិត្យពិភាក្សាឆ្លងរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នារសៀលថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាឆ្លងរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិក គ.ជ.ប.ជ នៃរដ្ឋបាលរាជធានី ខេត្ត ជាច្រើនរូបផងដែរ។

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែរៀបចំរបាយការណ៍ជាតិស្តីពីលទ្ធផលសម្រេចបាននៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីដាក់ប្រកាសផ្សព្វផ្សាយជាសាធារណៈនូវសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំពេញ។ ទន្ទឹមនេះ លោកស្រី បានគូសបញ្ជាក់ថា ការងារនេះត្រូវតែរៀបឱ្យបានជាក់លាក់ និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយត្រូវច្របាច់បញ្ចូលនូវរាល់របាយការណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើជារបាយការណ៍រួមតែមួយ ដូច្នេះត្រូវតែរៀបកិច្ចប្រជុំនេះឡើងដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនីមួយៗលម្អិតឡើងវិញ ដែលបានរៀបចំបូកសរុបធ្វើជារបាយការណ៍រយៈពេល០៩ខែ ជាមួយសមាសភាពអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈកម្មាធិការថ្នាក់ក្រោមជាតិ ដែលជាម្ចាស់នៃរបាយការណ៍តាមស្ថាប័ន អង្គភាពនីមួយ ធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវ សម្រាប់ត្រៀមធ្វើជារបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ខាងមុខ។ 

នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកានៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមអនុវត្ត និងផ្សព្វផ្សាយយ៉ាងសកម្មពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅតាមមូលដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានការយល់ដឹងយ៉ាងច្រើន។

ទន្ទឹមនេះ លោកស្រី ក៏បានណែនាំ និងជំរុញដល់សមាជិកសមាជិកា និងអង្គភាពដៃគូទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងចូលរួមបង្កើនកិច្ចសហប្រតិបត្តិការ សាមគ្គីធ្វើការងារជាប្រព័ន្ធតាមជំនាញ និងវិស័យរៀងៗខ្លួនបន្ថែមទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print