ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវចូលរួមសហការផ្ដល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ឬកម្លាំងនគរបាលមូលដ្ឋាន ក្នុងករណីប្រើប្រាស់ ជួញដូរគ្រឿងញៀន និងករណីមានការសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ឬបង្ខាំងមនុស្សដោយខុសច្បាប់ នៅតាមគោលដៅដែលខ្លួនឈរជើង។
ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៣ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ក្រៅពីករណីប្រើប្រាស់ ជួញដូរគ្រឿងញៀន និងករណីសង្ស័យអំពើជួញដូរមនុស្ស ឬបង្ខាំងមនុស្សដោយខុសច្បាប់ហើយនោះ ភ្នាក់ងារសន្ដិសុខឯកជន ក៏ត្រូវចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗទៀត សំដៅចូលរួមរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជន ឈរជើងតាមបណ្តាគោលដៅ រាយការណ៍អំពីបទល្មើស ដើម្បីចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន និងអំពីជួញដូរមនុស្ស ជួញដូរពលកម្ម ឬការចាប់បង្ខាំងមនុស្សខុសច្បាប់គ្រប់ប្រភេទ នៅតាមបណ្តាគោលដៅឈរជើងរបស់ខ្លួន។ បើឃើញសកម្មភាព ឬករណីណាគួរឲ្យកត់សម្គាល់ សូមភ្នាក់ងារសន្តិសុខឯកជន រាយការណ៍មកសមត្ថកិច្ចយើងជាបន្ទាន់»។
លោកប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា វិស័យសន្តិសុខឯកជន គឺមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមានចក្ខុវិស័យយ៉ាងម៉ត់ចត់។ លោក បន្ដថា ការយកចិត្ដទុកដាក់នេះ ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើនដើម្បីចូលរួមថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនសង្គមជាតិ និងក៏ដូចជាកម្លាំងជំនួយយ៉ាងសំខាន់របស់កងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព។
លោកបន្ដទៀតថា នេះជាលើកទី៤៣ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គិភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុជាដើម៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ