កម្លាំង​សមត្ថកិច្ច​ទូទាំងប្រទេស​ បានត្រួតពិនិត្យនិងផាកពិន័យ ​យានយន្ត ២១១គ្រឿង​ នាថ្ងៃទី០១ ខែវិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​នៅរសៀល​ថ្ងៃ​អង្គារ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលនៅទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២១១គ្រឿង នាថ្ងៃទី០១ ខែវិច្ឆិកានេះ។ ក្នុងនោះមានម៉ូតូ ១៩៦គ្រឿង និងរថយន្ត ១៥គ្រឿង។

លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន​ បានគូសបញ្ជាក់ថា​ គិតថ្ងៃទី០១ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៤,២៧៨គ្រឿង ក្នុងនោះមានម៉ូតូ ១០៧,៧៥៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៥២០គ្រឿង។

ជាក់ស្ដែង​បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ គ្មានមួក​សុវត្ថិភាព​ ,ល្មើសសញ្ញា ,ស្រវឹង ,ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ,ខ្សែក្រវ៉ាត់ ,ល្មើសល្បឿន និងអត់ស្លាកលេខជាដើម។

ដោយឡែក​សម្រាប់ថ្ងៃទី០១ ខែវិច្ឆិកានេះដែរ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៥លើក ក្នុងនោះស្លាប់ចំនួន ០២នាក់ របួសចំនួន ០៧នាក់ (របួសធ្ងន់ ០២នាក់)។ រយៈពេល៣០៥ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៥០២លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤៥៣នាក់ របួស ៣,៤៥០នាក់ (របួសធ្ងន់ ២,១៨៤នាក់)។ 

ជាមួយគ្នានោះ​ លោកអ្នកនាំពាក្យ​ បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print