ភ្នំពេញ : នារសៀលថ្ងៃអង្គារ ៨កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា ។
ប្រធានបទសំខាន់នៃជំនួបនោះ គឺទីមួយ ផ្ដោតលើគំនិតផ្ដួចផ្ដើមបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងភាគីទាំងពីរ, ទីពីរ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាទៅលើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុ និងទីបី គឺការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋបារាំង ក៏ដូចជាសហភាពអឺរ៉ុប សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តមានវឌ្ឍនភាពជាលំដាប់ ជាពិសេសលើវិស័យឋិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។
ពាក់ព័ន្ធនឹងប្រធានបទ ស្ដីអំពីគំនិតផ្ដួចផ្ដើមបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងភាគីទាំងពីរ សម្ដេចបានបង្ហាញការគាំទ្រគោលបំណងដ៏ល្អនេះ។ សម្ដេចបានណែនាំឱ្យមន្រ្តីនៃភាគីទាំងពីរចាប់ផ្ដើមការពិភាក្សាបន្ថែមទៀត ដើម្បីកំណត់កិច្ចការអាទិភាព និងកិច្ចការដែលភាគីទាំងពីរផ្ដោតការយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យមានក្របខណ្ឌសហប្រតិបត្តិការល្អជាមួយគ្នា។ សម្ដេចក៏កត់សម្គាល់លើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។
ចំពោះប្រធានបទ ស្ដីអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុ លោកឯកអគ្គរដ្ឋទូតបារាំង បានជម្រាបជូនសម្ដេចក្រឡាហោមថា បញ្ហាដែលកើតមាននៅខេត្តព្រះសីហនុនេះ ក៏អាចជាប្រធានបទមួយដែលភាគីទាំងពីរអាចកំណត់នៅក្នុងក្របខណ្ឌនៃការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះបានដែរ។ ឯកឧត្តមក៏ជម្រាបជូនសម្ដេចផងដែរអំពីការចង់ស្វែងយល់នូវវឌ្ឍនភាព ដែលអាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តលើការងារនេះ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រហូតមកដល់ពេលេនេះ អាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តកិច្ចការនេះយ៉ាងសកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ដែរ។ សម្ដេចបន្តថា តាមរយៈលទ្ធផលអនុវត្តកន្លងមក គឺទទួលការសាទរពីមជ្ឈដ្ឋានផ្ទៃក្នុង និងបណ្ដាប្រទេសជាមិត្តក្នុងតំបន់។ សម្ដចបន្តថា កិច្ចការនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និតរវាងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងប្រទេសមានជនរងគ្រោះត្រូវបានគេឆបោកមកកាន់កម្ពុជា និងទាំងក្នុងប្រទេសកម្ពុជា ដើម្បីកាត់ផ្ដាច់ទំនាក់ទំនង និងឬសគល់នៃការរត់ពន្ធ ការជួញដូរ និងការឆបោកនាំមនុស្សឆ្លងដែនខុសច្បាប់។
ចំណែកបញ្ហាទីបី ស្ដីអំពីការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៣ លោក Jacques PELLET បានបង្ហាញបំណងចង់ស្វែងយល់អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងកិច្ចការនេះ។ ឯកឧត្តមក៏មានគោលបំណងពិនិត្យមើលលទ្ធភាព និងឱកាសបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើការងារនេះដែរ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា ជារួមការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ ពុំមានអ្វីជាបញ្ហាចោទនោះទេ ដោយសារកម្ពុជាធ្លាប់បានដំណើរការបោះឆ្នោតជាច្រើនលើក ពិសេសការបោះឆ្នោតឃុំ សង្កាត់ កន្លងទៅថ្មីៗនេះ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា តួនាទីសំខាន់មួយរបស់ក្រសួងមហាផ្ទៃ គឺធ្វើយ៉ាងណាខិតខំធានាថែរក្សាសន្តិសុខនៃការបោះឆ្នោតឱ្យបានល្អប្រសើរ បង្កលក្ខណៈ និងលក្ខខណ្ឌសមស្របដល់ដំណើរការបោះឆ្នោតនេះឱ្យប្រព្រឹត្តទៅដោយសេរី គ្មានអំពើហិង្សា និងផ្ដល់លទ្ធភាពជូនពលរដ្ឋ និងភាគីពាក់ព័ន្ធបានចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ៕
ដោយ : សហការី