អ្នកចាត់ការ Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City នឹងរំលងការប្រកួតChampions League របស់ពួកគេជាមួយក្រុម Sevilla នៅថ្ងៃពុធនេះ ជាការប្រុងប្រយ័ត្ន បន្ទាប់ពីកីឡាករន័រវេសរូបនេះមិនបានលេងក្នុងជ័យជម្នះ ១–០ នៅ Premier League កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Leicester City ដោយសាររបួស។
Haaland ដែលរកបាន២២គ្រាប់ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ត្រូវបានប្តូរចេញក្នុងពាក់កណ្តាលទីពីរនៃការប្រកួតChampions League ដោយគ្មានគ្រាប់បាល់របស់ Man City ជាមួយអតីតក្រុម Borussia Dortmund កាលពីថ្ងៃអង្គារសប្តាហ៍មុនបន្ទាប់ពីមានបញ្ហារបួស ។
លោក Guardiola បាននិយាយថា គាត់នឹងមិនប្រថុយនឹងអ្នកស៊ុតបញ្ចូលទីនាំមុខគេទេ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះក្រុមSevilla ក្នុងការប្រកួតក្លិបលំដាប់កំពូលនៅអឺរ៉ុប ខណៈដែល Man City បានឆ្លងផុតវគ្គជម្រុះរួចហើយ។
លោក Guardiola បានប្រាប់ BBC នៅពេលសួរអំពីកាលបរិច្ឆេទត្រឡប់មកវិញដ៏មានសក្តានុពលរបស់ Haaland ថា “ខ្ញុំមិនដឹងទេ! គាត់មានរបួសសរសៃពួរ គាត់មានអារម្មណ៍ធូរស្រាល យើងមានពេលមួយសប្តាហ៍ទៀត”។
លោកអះអាងថា “គាត់នឹងមិនលេងទល់នឹង Sevilla ទេ ពីព្រោះពួកយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ហើយសង្ឃឹមថាពេលប៉ះ Fulham (នៅថ្ងៃសៅរ៍) គាត់អាចជួយយើងបាន។ បើមិនដូច្នេះទេ គាត់អាចនឹងលេងជាមួយ Chelsea ក្នុងពានរង្វាន់League Cup នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ”។
គួរបញ្ជាក់ថា ក្រុម Man City ខ្វះការស៊ុតបាល់បញ្ចូលទីក្នុងតង់ទីមួយនៅទឹកដីក្រុម Leicester ប៉ុន្តែការទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលពីខ្សែបម្រើ Kevin De Bruyne បានធ្វើឲ្យក្រុម Man City ទទួលជ័យជម្នះ ខណៈដែលក្រុមជើងឯកមួយនេះបានបន្តកាន់កាប់លេខ២នៅ Premier League ៕ (រូបភាព ៖ BBC Sport/Reuters/CNA)