ខេត្តស្វាយរៀង: មានអគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងនៅទល់មុខផ្សារស្វាយជ្រំ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនិងអាជីវករលក់ដូរហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ តែជាអកុសលដោយភ្លើងឆេះខ្លាំងពេកបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងឆេះរថយន្តអស់មួយគ្រឿង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២ទល់មុខផ្សារស្វាយជ្រំក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឮសូរសំឡេងផ្ទុះ២ដងចេញពីក្នុងផ្ទះល្វែងមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរ ខណៈមានផ្សែងនិងភ្លើងហុយឆេះយ៉ាងសន្ធោរសន្ធៅ បាននាំគ្នាជួយដង
ទឹកពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានជួយយករថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ ប៉ុន្តែជាអកុសល ដោយទ្វារចាក់សោពីក្នុងទើបមិនអាចសង្គ្រោះជីវិតលោកតាម្នាក់ដែលមានអាយុប្រមាណ៨០ឆ្នាំត្រូវភ្លើងឆេះស្លាប់គួរឱ្យសង្វេគបំផុត។
បើតាមលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យអ្នកសារព័ត៌មានដឹងថា ករណ៏បឋមនេះគឺមានមនុស្សស្លាប់ម្នាក់និងឆេះរថយន្តមួយគ្រឿង ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងដែលក្នុងនោះមានរបស់កងរាជអាវុធហត្តខេត្ត របស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនិងរបស់អធិការដ្ឋានស្រុកស្វាយជ្រំ ហើយអគ្គិភ័យបានរលត់ទាំងស្រុងនៅវេលាម់ោងប្រមាណ១០ព្រឹកប៉ុន្តែករណីនេះមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយថាតើអគ្គិភ័យនេះឆេះមកពីអ្វីខណ,សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕ ដោយសុថាន