ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតាំង
អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជានៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសារតាំងរបស់ លោក Joseph Scheuer ដែលត្រូវបាន តែងតាំងដោយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ជា អ្នកសម្របសម្រួលថ្មីរបស់អង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Joseph Scheuer ដែលបានឆ្លើយតបដោយការសម្តែងនូវចំណាប់អារម្មណ៍ថា “លោក មានអារម្មណ៍ថាលោកហាក់ដូចជាបានវិលត្រលប់មកផ្ទះរបស់ខ្លួនវិញ” ដោយសំដៅដល់ការបំពេញ បេសកកម្មកាលពីមុនៗរបស់លោកជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផ្សេងៗនៅក្នុង ប្រទេសកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ ក្រុមការងារអង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDAF) និងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងឧបករណ៍វេជ្ជសាស្ត្រ ផ្សេងៗទៀត
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាមួយនឹងជំនួយដ៏សប្បុរសនេះ បូករួមជាមួយ នឹងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋបានជាង៩៥%នៃចំនួនពលរដ្ឋសរុប។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ លោក Joseph Scheuer បានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក អគ្គលេខាធិការ នាពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកឧបនាយករដ្ឋមន្ត្រី និងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ អំពីសារសំខាន់នៃជំនួបជាថ្មីម្តងទៀតរវាងសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោក
អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ នាពេលឆាប់ៗនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Joseph Scheuer បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ សហប្រជាជាតិ ដោយភាគីទាំងពីរបានទន្ទឹងដល់ការបន្តកិច្ចសន្ទនាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា ដែលបានអាក់ខានដោយសារជំងឺរាតត្បាត កន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា ចំពោះប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ដោយគូសបញ្ជាក់ពីការ តាំងចិត្តរបស់កម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីលទ្ធផលចំបងៗ ដែលសម្រេចបាននៅ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ថ្វីត្បិតមានបញ្ហាប្រឈម និងបញ្ហាក្នុងតំបន់និងអន្តរជាតិក្ដៅៗមួយចំនួនក្តី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការត្រៀមរៀបចំរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ លោក Joseph Scheuer បានជូនពរកម្ពុជាឲ្យទទួលបាន ជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទាំងនេះ ៕
ដោយ : សុខ ខេមរា