ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក ឡាយ ឧត្តម នាយករដ្ឋបាលខណ្ឌ តំណាងឲ្យលោក បុិល កុសល អភិបាលខណ្ឌសែនសុខ លោក សារឹម វុទ្ធី អធិការរងខណ្ឌ តំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិងកម្លាំងនគរបាលជាច្រើននាក់ទៀតបានចុះធ្វើការបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ ឃាត់ខ្លួនមនុស្ស១៤នាក់យកទៅសាកសួរ។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅមុខមន្ទីពេទ្យព្រះកុសុមះ(ហៅពេទ្យលោកសង្ឃ) ភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកឡាយ ឧត្តម នាយករដ្ឋបាលខណ្ឌបានឲ្យដឹងថា ដោយមានការបញ្ជាពីលោក បុិល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានបញ្ជាឲ្យបង្កើតជាគណៈបញ្ជាការឯកភាពចុះធ្វើរដ្ឋបាលនៅចំណុចខាងលើនេះគឺដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបើទោះបីជាតំបន់នេះស្មុកស្មាញក៏ដោយ។
លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខតំណាងឲ្យលោក ម៉ក់ ហុង ដែលដឹកនាំកម្លាំងចុះផ្ទាល់បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១៤នាក់ ដែលសង្ស័យប្រើប្រាស់នូវសារធាតុញៀន និងចាប់យកទូហ្គេមបាញ់ត្រី១ទូ ម៉ូតូ៥គ្រឿង កង់១គ្រឿង រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
ដោយឡែកទូហ្គេម១ទូរក្សារទុកនៅសាលាខណ្ឌសែនសុខហើយមនុស្សទាំង១៤នាក់ ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសមត្ថកិច្ចជំនាញធ្វើតេសរកសារធាតុញៀន ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ តុង សីហា