ភ្នំពេញ ៖ សំណង់ក្លិបកម្សាន្តមួយកន្លែង ខណៈដែលកំពុងសាងសង់មិនទាន់រួចរាល់ផង ស្រាប់តែទុស្សេចរន្តភ្លើង
ជាងផ្សារដែកខាងក្នុង បង្កជាអគ្គិភ័យឆាបឆេះគ្រឿងបំពាក់ខាងក្នុងក្លិបអស់រលីង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យទៅពន្លត់ភ្លើង កាលពីវេលាម៉ោង៤និង០៥នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្រុម៥ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សំណង់ខាងលើជាប្រភេទបេតុង ប្រក់ស័ង្កសី ទំហំ១២ម៉ែត្រx២៤ម៉ែត្រ ម្ចាស់ទើបតែធ្វើច្បាប់ហើយថ្មីៗ ។
តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា សំណង់ក្លិបកម្សាន្តកំពុងតែសាងសង់បានប្រមាណ៧០ភាគរយ ហើយទើបតែបំពាក់គ្រឿងអេប៉ុង សាឡុង កៅអី ស្រាប់តែនៅរសៀលថ្ងៃនេះ ក្រុមជាងផ្សារដែកកំពុងធ្វើការងារខាងក្នុងធ្វើឱ្យទុស្សេឆេះអេប៉ុង រាលដល់ផ្ទៃខាងក្នុង បង្កឱ្យផ្សែងហុយខ្មួលខ្មាញ់ផ្អើលអ្នកភូមិ សមត្ថកិច្ច អាជ្ញាធរចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅពីបណ្តាអង្គភាព ជួយបាញ់ពន្លត់ភ្លើង ។
ក្នុងប្រតិបត្តិការខាងលើ រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៥គ្រឿង រថយន្តរបស់ស្នងការដ្ឋានរាជធានីភ្នំពេញចំនួន៤គ្រឿង រថយន្តសង្ឃឹមថ្មីចំនួន២គ្រឿង រថយន្តស្រាបៀរកម្ពុជាចំនួន១គ្រឿង សរុបចំនួន១២គ្រឿង បាញ់ទឹកពន្លត់ភ្លើង ។
ចំពោះសម្ភារខូចខាត ភ្លើងឆេះតែអេប៉ុង សាឡុង កៅអី និងសម្ភារជាងតែប៉ុណ្ណោះ មិនរាលដាលដល់ផ្ទះពលរដ្ឋទេ ហើយក៏មិនបង្កឱ្យអ្នកណារងរបួសដែរ ៕ដោយ៖សុខាសែនជ័យ