ឥណ្ឌា៖ផ្សែងអ័ព្ទគ្រោះថ្នាក់ គ្របដណ្តប់ទីក្រុងញូវដេលី

ចែករំលែក៖

ជាតិពុលគ្រោះថ្នាក់នៅក្នុងបរិយាកាសទីក្រុងញូវដេលី នៅថ្ងៃទី ៣ ខែ វិច្ឆិកា បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ដោយសារតែការដុតចំបើងនៅតំបន់ ភាគជើងគូបផ្សំជាមួយជាតិពុល ក្នុងបរិយាកាសកខ្វក់ ធ្វើឱ្យស្ថានភាពអាកាសធាតុកាន់តែអាក្រក់។

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ប្រជាជនក្នុងទីក្រុងញូវដេលី ចំនួន២០លាននាក់កំពុងរងផលប៉ះពាល់ពីខ្យល់អាកាស ដែលពោរពេញទៅដោយផ្សែងអ័ព្ទ ខណៈដែលសន្ទស្សន៍ គុណភាពខ្យល់បានឡើងដល់កម្រិតគ្រោះថ្នាក់នៅទូទាំងរដ្ឋធានី របស់ប្រទេសឥណ្ឌា ជាហេតុនាំឱ្យមានការអំពាវឱ្យបិទសាលារៀន។
ទីភ្នាក់ងារកណ្តាលសម្រាប់ត្រួតពិនិត្យ ការបំពុលបរិយាកាស បានឱ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់បានកើនឡើងលើសចំនួន៤៥០ នៅកន្លែងជាច្រើនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ រដ្ឋាភិបាលសហព័ន្ធបាននិយាយថា សន្ទស្សន៍លើសពីចំនួន ៤០០ គឺអាចជះផលប៉ះពាល់ ដល់មនុស្សដែលមានសុខភាពល្អបាន ហើយប៉ះពាល់ធ្ងន់ធ្ងរដល់ អ្នកដែលមានជំងឺស្រាប់។ ចំណែកនៅក្នុងទីក្រុងញូវដេលី សន្ទស្សន៍បានកើនឡើងរហូតដល់ចំនួន ៨០០ ឯណោះ។
លោក ស៊ូហែល សិត (Suhel Seth) ជាបុគ្គលមានមុខមាត់ម្នាក់ក្នុងសង្គមឥណ្ឌា បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា «អ្វីដែលកំពុងកើតឡើងពីការបំពុលបរិយាកាសក្នុងទីក្រុងញូវដេលី គឺប្រៀបបាននឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ ចំណែក ឪពុកម្តាយ និងអាណាព្យាបាលសិស្ស បានអំពាវនាវឱ្យបិទសាលារៀន។
រដ្ឋធានីរបស់ប្រទេសឥណ្ឌាដែលរងការបំពុលខ្លាំងបំផុតនៅលើពិភពលោក តែងត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទជារៀងរាល់ថ្ងៃ ឱ្យតែដល់រដូវរងា ដោយសារតែអាកាសធាតុត្រជាក់ ខ្យល់ខ្លាំង ធូលីសំណង់ ការបំភាយឧស្ម័ននៃយានជំនិះ និងផ្សែងពីការដុតកម្ទេចកម្ទីកំណកដំណាំ ជាដើម៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print