ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបេីកម៉ូតូសណ្តោងរុឺម៉កតាមដងផ្លូវ ត្រូវរថយន្តទំនេីបម៉ាក ALPHARD បេីកបរដោយបុរសជាជនជាតិចិនមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយធ្វេីឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអ្នកដំណេីរកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចមុខមណ្ឌលសុខភាពព្រែកឯង តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សួរ សុខុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់រុឺម៉កសណ្ដោង ស្នាក់នៅភូមិកោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញបុរសរងគ្រោះបេីកម៉ូតូសណ្តោងរុឺម៉ក ពណ៌ត្រួយចេក ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ពីកេីតទៅលិចក្នុងល្បឿនមធ្យម ខណៈពេលនោះក៏មានរថយន្តស៊េរីទំនេីបម៉ាក Toyota ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-8289 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន និងបុរសម្នាក់ទៀតជាជនជាតិដូចគ្នារួមដំណេីរជាមួយ តាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅស្របគ្នានឹងរុឺម៉កសណ្ដោងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានបុករុឺម៉កសណ្ដោងពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសជាម្ចាស់រុឺម៉កខ្ទាតទៅលើចិញ្ចេីមផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ រីឯរុឺម៉កសណ្ដោង និងរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំដូចគ្នា តែភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏បានឃាត់តៃកុងរថយន្តបង្កយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកឯងដេីម្បីដោះស្រាយតាមនីតិវិធីផងដែរ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងរុឺម៉កសណ្ដោងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ រួចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ាដង្កោ