ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០៤ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីបាញ់សម្លាប់យុវជនម្នាក់ ដែលជាមុខសញ្ញាជនសង្ស័យ នៅតាមដងផ្លូវ ទៅអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
នគរបាលបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះសៅ សុខុន ហៅប្រុសធំ ជាមន្រ្តីយោធា ថ្នាក់វរសេនីយ៍ទោ និងជាជំនួយការឩកញ៉ាម្នាក់ជិះរថយន្ត ម៉ាក Lexus 570ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BK-7799 បាន បាញ់សម្លាប់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងមូលដ្ឋាន ខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឡោមព័ទ្ធផ្ទះជនសង្ស័យ។ ស្រាប់តែពេលនោះជនសង្ស័យក៏បានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក។
យោងតាមចម្លើយសារភាពរបស់បុរសជនសង្ស័យជាម្ចាស់រថយន្ត lexus570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់នោះបានឲ្យដឹងថាខ្លួនកំពុងតែជិះរថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូ មកប៉ះជាមួយនឹងរថយន្តរបស់គាត់ ហើយមិនឈប់ព្យាយាមគេច បន្ថែមទៀតក៏ឮសំឡេងស្រែកមកថាចោរៗ ផងនោះ បានដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តបាញ់ ពីក្រោយតែម្ដងបណ្ដាលឲ្យស្លាប់តែម្ដង។
គួរបញ្ជាក់ផងដែរនៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ យុវជនម្នាក់ដែលគេសង្ស័យថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណា បានព្យាយាមជិះគេចខ្លួន ស្រាប់តែមានបុរសម្នាក់កំពុងតែជិះរថយន្តម៉ាកលុចស៊ីស ៥៧០ បានដកកាំភ្លើងបាញ់ទៅលើយុវជនដែលគេសង្ស័យ ជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅម្ដុំ សាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្នុងដំណាក់កាលតំណាងអយ្យការធ្វើការស៊ើបសួរនៅឡើយ៕ ដោយ រ៉ារ៉ា