ខេត្តព្រះសីហនុ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ ឃាត់ខ្លួនជាបន្ដបន្ទាប់ ក្នុងករណីពីរផ្សេងគ្នាយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០២២ បានចុះបង្រ្កាបគ្រឿងញៀន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចសេអុីប្រាំ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ នួន មាស ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។
របាយការណ៍ដដែលបន្តថា នៅថ្ងៃដដែលនោះ កម្លាំងជំនាញបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយជនសង្ស័យទាំង០២នាក់នោះរួមមាន៖ ១-ឈ្មោះ ចាន់ រ៉ាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ និង២-ឈ្មោះ ព្រឿន សីហា ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ចំណែកដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ និងទូរស័ព្ទដៃចំនួន០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលេីនេះ ត្រូវបានកម្លាំងនគរបាលជំនាញត្រៀមបញ្ជូនខ្លួនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់៕ ដោយ៖សហការី