ខេត្តព្រះសីហនុ៖ ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ! លោកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ ក្នុងមូលដ្ឋាន។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ជាក់ស្ដែងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅក្រុងព្រះសីហនុ។
ចំណែកនាពេលរាត្រីកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ល្បាតក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
សូមជម្រាបជូនដែរថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំពង្រឹងកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងការប្រកួតម៉ូតូទឹកថ្នាក់ជាតិលើកទី៣ និងដោយមានការចូលរួមពីសំណាក់លោក-លោកស្រីឧត្តមសេនីយ៍ លោកវរសេនីយ៍ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៥ផងដែរ ៕ ដោយ៖ស តារា