ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារខណៈដែលគេប្រទះឃើញស្បែកជើងនិងរបស់របរជាច្រើនទៀតនៅមាត់ប្រឡាយទឹកចំណែកមនុស្សលង់ទឹកស្លាប់គួរឱ្យអាសូរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិបែកចាន ឃុំរមាំងថ្គោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ មាស ថន អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិភ្លាម សមត្ថកិច្ចជំនាញស្រុកនិងសមត្ថកិច្ចនគរបាលប៉ុស្ត៏រដ្ឋបាលព្រមទាំងគ្រូពេទ្យបានចុះទៅពិនិត្យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយប្រាកដមែនព្រោះមិនឃើញមានស្នាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថា ក្រុមគ្រួសារនេះមានជីវភាពក្រីក្រណាស់ ហើយបុរសខាងលើមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ(ជំងឺឆ្កួតជ្រូក)ដោយផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនធូរស្រាលសោះ។
ប្រភពបន្តថា មុនកើតហេតុបុរសឈ្មោះមាស ថន បានដើរទៅមើលដាយដែលដាក់ត្រីនៅឯប្រឡាយទឹកដោយបានដោះស្បែកជើងនិងរបស់របរជាច្រើនហើយបានចុះទៅក្នុងទឹក ខណនោះសង្ស័យជំងឺរើឡើងទើបគាត់លង់ទឹកស្លាប់តែម្ដង។
ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕ ដោយសុថាន