ខេត្តព្រះសីហនុ- គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ បានបង្កើនការយកចិត្តទុកដាក់ ចេញល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ ក្នុងទីប្រជុំជន មុខផ្សារ តំបន់ឆ្នេរសមុទ្រ រមណីយដ្ឋានទេសចរណ៍នានា និងជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះលើដងផ្លូវ ដោយអនុវត្តតាមផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (ចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា ឆ្នាំ២០២២) ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តសប្បាយ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា, មានការលើកឡើងច្រើនពីករណី ឡានទំនើបបើកបរ និងចតបញ្រ្ចាសទិសចរាចរណ៍ មុខផ្សាលើ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
កន្លងមកសមត្ថកិច្ចប្រចាំគោលដៅ តែងជួយសម្រួលចរាចរណ៍ ហើយរាល់កំហុសឆ្គងរបស់អ្នកបើកបរ មិនមែនឃើញភ្លាម ត្រូវតែអនុវត្តច្បាប់ភ្លាមនោះទេ គឺត្រូវធ្វើការអប់រំណែនាំជាមុនសិន ប្រសិនបើមិនទទួលយកការណែនាំ ឬធ្វើសកម្មភាពបំពានបន្ថែម ទើបឈានដល់ការអនុវត្តច្បាប់តែម្ដង ហើយការអនុវត្តនេះគឺស្មើភាព មិនមានអ្នកមាន ឬអ្នកក្រនោះទេ ។ សូមអរគុណ ៕
ដោយ : សហការី