ខេត្តបន្ទាយមានជ័យ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋានគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ៣គ្រឿង បុកបន្តគ្នា បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់ របួសធ្ងន់ស្រាលចំនួន ៣នាក់ នៅក្រុងប៉ោប៉ែត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងនៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតលើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៧-៨ ភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ មានម៉ូតូហុងដាទ្រីម ០១គ្រឿង បើកបរពីកើតទៅលិច បានបុកម៉ូតូអ៊ិចសិនទ័របើកបរពីលិចទៅកើតច្រាសទិសគ្នាបណ្តាលឲ្យដួលគ្រោះថ្នាក់បន្ទាប់មកមានម៉ូតូម៉ាកហុងដាវេវ ០១គ្រឿង បើកបរពីកើតទៅលិចបានបុកបន្តគ្នា ។
តាមរបាយការណ៍របស់កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ ក្នុងហេតុការណ៍នេះម៉ូតូហុងដាឌ្រីមជិះគ្នា ០២នាក់ ស្លាប់ទាំង០២នាក់ មាន ៖ ១-ឈ្មោះ ហាក់ ជីចា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។ ២-ឈ្មោះ ផៅ ឃឹម ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។ ម៉ូតូអ៊ិចសិនទ័រជិះគ្នា ០២នាក់ រងរបួសធ្ងន់ទាំង០២នាក់ ៖ ១-ឈ្មោះ ដែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ តិក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់អន្លង់ស្វាយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អ្នកទាំង០២ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ។ ចំណែកខាងម៉ូតូវេវរបួសស្រាល ០១នាក់ ឈ្មោះ ឃុន នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល )ត្រូវបានសាច់ញាតិដឹកយកទៅពេទ្យ ។
គួរបញ្ជាក់ថា ៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមិនដឹងពីមូលហេតុនោះទេ ស្ថិតក្នុងការស្រាវជ្រាវ ។ ចំពោះវត្ថុតាងម៉ូតូខូចធ្ងន់ ០២គ្រឿង ម៉ាកហុងដាឌ្រីម និងម៉ូតូអ៊ិចសិនទ័រ ខូចស្រាល០១គ្រឿងម៉ាកវេវ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រងចាំធ្វើការស្រាវជ្រាវពីមូលហេតុ និងដោះសា្រយនៅពេលក្រោយ ៕ ដោយ៖សហការី