ក្លិប Manchester City និង Chelsea ត្រូវ បាន គេ រាយការណ៍ ថា នឹង ប្រជែងគ្នា យក តារា ឆ្នើម Rafael Leao របស់ក្លិប AC Milan ក្នុង ទីផ្សារ ដោះដូរ កីឡាករ ខែមករាខាងមុខ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ២៣ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបកំពូលរបស់អឺរ៉ុបចាប់តាំងពីយុទ្ធនាការដ៏ជោគជ័យរបស់គាត់កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន១១ គ្រាប់ ខណៈដែលក្រុមរបស់លោក Stefano Pioli បានឈ្នះSerie A ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១។
កីឡាករ Leao ត្រូវបានគេដាក់ឈ្មោះថា Serie A MVP សម្រាប់ឆ្នាំ២០២១–២០២២ ហើយបានបន្តភ្លឺស្វាងម្តងទៀតក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៩ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួនត្រឹមតែ១៧ប្រកួតប៉ុណ្ណោះរហូតមកដល់ពេលនេះនៅទូទាំងក្របខ័ណ្ឌ Serie A និង Champions League ។
ទោះជាយ៉ាងណាក៏ដោយក្លិប AC Milan កំពុងរៀបចំខ្លួនសម្រាប់ការផ្តល់ជូនប្រាក់ដ៏ធំនៅប្រហែល១០៥លានផោនក្នុងខែមករាដើម្បីចង់បន្តឲ្យកីឡាករខាងលើបន្តនៅអ៊ីតាលី។ នេះបើយោងតាមកាសែតអ៊ីតាលីចេញផ្សាយកាលពីថ្ងៃអាទិត្យ ។
របាយការណ៍ដដែលបានបង្ហាញថា AC Milan អាចនឹងពិចារណាលើការផ្ទេរប្រាក់សម្រាប់ខ្សែប្រយុទ្ធ រូបនេះប្រសិនបើការផ្តល់ជូនត្រឹមត្រូវត្រូវបានធ្វើឡើង ដោយសារពួកគេមិនចង់ប្រថុយនឹងការបាត់បង់តារាម្នាក់ទៀតលើការផ្ទេរដោយមិនមានតម្លៃខ្លួន។ ក្រុមរបស់លោក Stefano Pioli បានបាត់បង់កីឡាករដូចជា Gianluigi Donnarumma, Hakan Calhanoglu និង Franck Kessie ក្នុងរយៈពេល១៨ខែចុងក្រោយ ដូច្នេះហើយ Leao នៅសល់តែកុងត្រារហូតដល់រដូវក្តៅឆ្នាំ២០២៤ អាចជាជម្រើសដ៏សមរម្យមួយ។
ក្លិប Chelsea បានចាប់អារម្មណ៍លើ Leao ក្នុងអំឡុងពេលរដូវក្តៅ ហើយនឹងបន្តការចាប់អារម្មណ៍ក្នុងខែមករា បើទោះបីជាក្លិបអាចព្យាយាមប្រើប្រាស់កីឡាករដែលមានខ្សែរប្រយុទ្ធ Armado Broja, Christian Pulisic ឬ Hakim Ziyech ជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីបញ្ចុះថ្លៃដើមក៏ដោយ។
ចំណែកក្លិប Man City កំពុងសម្លឹងមើលការពង្រឹងជម្រើសរបស់ពួកគេក្នុងតំបន់ប្រយុទ្ធដោយបានលក់ Raheem Sterling ទៅChelsea នៅរដូវក្តៅ ហើយមើលឃើញ Leao ជាគោលដៅសំខាន់។ ទាំង Man City និង Chelsea នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Manchester United និង PSG ដែលបានបង្ហាញចំណាប់អារម្មណ៍ពីមុនផងដែរចំពោះកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ AC Milan នៅតែប្តេជ្ញាចិត្តចង Leao ចុះកិច្ចសន្យារយៈពេលវែង ហើយត្រូវបានគេនិយាយថា នឹងមានការពិភាក្សាបើកចំហរលើកិច្ចព្រមព្រៀងថ្មីមួយ មុនពេលដែលគាត់ចាកចេញទៅចូលរួម World Cup ជាមួយជម្រើសជាតិនៅឆ្នាំ២០២២នេះ។
ការប្រកួតចុងក្រោយរបស់ក្រុម AC Milan មុនពេលការផ្អាករដូវកាលគឺត្រូវប៉ះជាមួយក្រុម Fiorentina នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ។ បន្ទាប់មក Leao ត្រូវបានកំណត់ទៅប្រទេសកាតារហូតដល់ខែធ្នូ ជាមួយនឹងទីផ្សារដោះដូរកីឡាករខែមករាក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup ៕ (រូបភាព ៖ Daily mail)