ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ !

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៨៖០០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ  ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។

រហូតដល់ពេលនេះ ​មានប្រមុខរដ្ឋ/ ប្រមុខរដ្ឋាភិបាល ប្រទេសសមាជិកអាស៊ាន និងដៃគូនានារបស់អាស៊ាន បានចាប់ផ្តើមមកដល់កម្ពុជា ជាបន្តបន្ទាប់។

នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។ 

ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថាន ជាដើម, កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងជាថ្មីម្តងទៀត ក្នុងឱកាសអញ្ជើញក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២ រាជធានីភ្នំពេញ នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងបន្ថែមថា កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ ។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅនៅក្នុងខែសីហា ឆ្នាំ២០២២ កន្លងទៅ ខ្ញុំបានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើងធ្វើអន្តរកាលជាបណ្ដើរៗ ទៅជាសហគមន៍ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print