លទ្ធផល សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផល
សម្ដេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានាធិបតីហ្វីលីពីន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សា ទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទ្វេភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកប្រធានាធិបតី Marcos បានបង្ហាញនូវសេចក្តី ប៉ងប្រាថ្នាដូចគ្នា និងបានពិភាក្សាអំពីវិធានការនានាដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគី ជាពិសេសលើវិស័យការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឱ្យក្រសួង/ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវឯកសារនានាដែលបានចុះ ហត្ថលេខារួច។

ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះការកើនឡើងឡើងវិញនូវការផ្លាស់ប្តូរ ពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាត។ ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីភាព ចាំបាច់ក្នុងការជំរុញភាពជាដៃគូនៃវិស័យរដ្ឋ និងឯកជន និងការជំរុញទំហំពាណិជ្ជកម្ម និង ការវិនិយោគទ្វេភាគីបន្ថែមទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យហ្វីលីពីននាំចូល អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសបានជំរុញឱ្យ ហ្វីលីពីនវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ដូចជាក្នុងដំណើរការរោងម៉ាស៊ីនកិនស្រូវសម្រាប់ ការនាំចេញទៅកាន់ប្រទេសហ្វីលីពីន ដើម្បីបំពេញតម្រូវការរបស់ប្រទេសនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកប្រធានាធិបតី Marcos បានពិភាក្សាគ្នាយ៉ាង យូរអំពីបញ្ហាប្រឈមនានាដែលអាស៊ានកំពុងជួបប្រទះ ដូចជាបញ្ហាមីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ានជាដើម។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print