ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធបានថ្លែងថា ”នៅពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២ ពោលគឺក្នុងឆ្នាំ ២០១២យើងបានទទួលការស្តីបន្ទោសដោយគេថាមកពីកម្ពុជាទើបអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍បាន ប៉ុន្តែតាមពិតនោះវាជាកំហុសរបស់ប្រទេសមួយចំនួន ដែលមិនបានគោរពនូវគោលការណ៍របស់អាស៊ានទេ។ ទោះបីយ៉ាងណានៅលើកនេះឃើញថាយើងបានបង្ហាញឱ្យឃើញពីភាពចាស់ទុំរបស់កម្ពុជាហើយគេក៏បានយល់ពីជំហររបស់កម្ពុជាដែរ”។
ថ្លែងក្នុងបទសំភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នាក្នុងសណ្ឋានគារសុខារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២២នេះ លោក ខៀវ កាញារីទ្ធបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកនេះគឺវាបានបង្ហាញច្បាស់លាស់ពីជំហររបស់កម្ពុជា ហើយពិសេសគោលការណ៍របស់កម្ពុជាដែលចង់ឱ្យអាស៊ានជាមជ្ឈភាពរបស់អាស៊ានពោលគឺអាស៊ានមិនមែនសម្រាប់ប្រឆាំងនរណាឬគាំទ្រនរណាទេ អាស៊ានគឺជាមជ្ឈមណ្ឌលមួយសម្រាប់សម្របសម្រួលការងារនិងជំរុញលទ្ធភាពនានា។
រដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ៖ ចុងក្រោយនេះយើងឃើញថាយើងបានចុះហត្ថលេខាជាមិត្តភាពជាមួយប្រទេស អ៊ុយក្រែន ដែលកំពុងមានចម្បាំងជាមួយប្រទេសរុស្ស៊ី ដូចដែលមនុស្សមួយចំនួនធំកាលពីដើមឡើយយល់ថាកម្ពុជា ច្បាស់ជាដូចជាប្រទេសមួយចំនួនក្នុងអាស៊ានបានប្រកាន់ជំហរអព្យាក្រិតក្នុងរឿងនេះ ផ្ទុយមកវិញប្រទេសកម្ពុជាបានប្រកាន់ជំហរច្បាស់លាស់គឺដូចសម្តេចតេជោហ៊ុនសែនបានបញ្ជាក់ហើយគឺ កម្ពុជាប្រឆាំងនឹងការប្រើអាវុធគំរាមកម្លាំង ក្នុងទំនាក់ ទំនងអន្តរជាតិ ហើយយើងឃើញថាការណ៍នេះអាស៊ានក៏បានប្រកាន់នូវជំហរដូចគ្នានៅពេលដែលយើងទទួល យកប្រទេស អ៊ុយក្រែនជាដៃគូរៀបចំសេដ្ឋកិច្ចនេះ។
លោករដ្ឋមន្រ្តីបានថ្លែងឱ្យដឹងដែរថា៖”យើងឃើញថាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះប្រទេសមហាអំណាចជាច្រើនដែលបានមកលើកនេះគឺស្ថិតនៅក្នុងស្ថានភាពសម្របសម្រួលច្រើនជាងមុន ដោយកាលពីមុនសូម្បីតែយន្តហោះចុះមុនក្រោយក៏មានទំនាស់គ្នាដែរ។ យើងឃើញថាភាពចាស់ទុំរបស់កម្ពុជាបានបង្ហាញឱ្យឃើញ ច្បាស់ទៅលើជំហរទាំងនេះ”។
ជាមួយគ្នានេះលោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមដែរថា”យើងឃើញថាកិច្ចប្រជុំធុរកិច្ចកន្លងមកជាមួយវៀតណាមក្តី ជាមួយអាស៊ានក្តីសុទ្ធតែបានបង្ហាញពីជំហររបស់កម្ពុជាបើកចំហរ ជើងមេឃសម្រាប់ធុរកិច្ចនៅក្នុងតំបន់ក៏ដូចជាធុរកិច្ចរបស់ពិភពលោកដែលជាភាពថ្មីមួយដែលបង្ហាញភាពចាស់ទុំពោលគឺ៣ដង ហើយដែលយើងធ្វើជាម្ចាស់ផ្ទាស់នៃកិច្ចប្រជុំកំពូលអាស៊ាន ហើយវាក៏បានបង្ហាញពីភាពចាស់ទុំក្នងុការដឹកនាំអន្តរជាតិផងដែរ”។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែលប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃខាងមុខនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន- សហ រដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន -កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជា ជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧៕ ដោយ៖ សូរិយា