ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ចាស់ឥតទីពឹង និងគ្រួសារងាយរងគ្រោះបំផុតចំនួន ២៩គ្រួសារ រស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ លោកស្រី អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា «បើទោះបីជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញមកជួបលោកយាយលោកតាដោយផ្ទាល់ក្តី ប៉ុន្តែសម្តេចតែងតែមានក្តីនឹករលឹក និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅគ្រប់ទីកន្លែង ហើយតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងសារអប់រំថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ ដើម្បីជៀសផុតពីជំងឺនានា និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរឱ្យនាំយកនូវអំណោយជាស្បៀងអាហារសម្រាប់ជួយសម្រាលដល់ជីវភាពរស់នៅ ជាពិសេសកញ្ចប់ឃីតមុងភួយ ដែលនឹងផ្តល់ភាពកក់ក្តៅដល់លោកយាយលោកតាក្នុងរដូវរងានេះ»។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ជែលលាងដៃ ១ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕
ដោយ : សិលា