ប្រធានាធិបតីរុស្ស៊ីត្រូវបានគេរំពឹងថានឹងស្វែងរកការគាំទ្រពីអឺរ៉ុបដើម្បីបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ធ្វើឲ្យរុស្ស៊ីត្រូវខាតបង់ទឹកប្រាក់រាប់សិបពាន់លានដុល្លារនោះ។ នៅក្នុងតំណើរទស្សនកិច្ចទៅប្រទេសក្រិកនៅថ្ងៃ២៧ និង២៨ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ ដើម្បីជួបពិភាក្សាជាអាទិ៍ជាមួយប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប្រទេសនេះ។ ក្រិកជាប្រទេសទី២ នៃសហភាពអឺរ៉ុបបន្ទាប់ពីហុងគ្រី ដែលលោក ពូទីន នឹងធ្វើទស្សនកិច្ចបើគិតតាំងពី ឆ្នាំ២០១៤ ឆ្នាំដែលបស្ចិមលោកនាំគ្នាដាក់ទណ្ឌកម្មរុស្ស៊ីមកពីវិបត្តិនៅអ៊ុយក្រែន។
នៅក្នុងដំណើរទស្សនកិច្ចនោះលោក ពូទីន នឹងលើកយកបញ្ហាសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និង បញ្ហាវិនិយោគ បូកទាំងការសមិទ្ធិគម្រោងរួមនានាក្នុងវិស័យថាមពល។ ការយកចិត្តទុកដាក់ពិសេសនឹងផ្តោតទៅលើ សហប្រតិបត្តិការវិស័យវប្បធម៌ និងមនុស្សធម៌ ក្នុងបរិបទនៃពិធីប្រារព្ធក្នុងឆ្នាំ២០១៦នេះ គឺបុណ្យខួបគម្រប់ ១,០០០ឆ្នាំនៃអត្ថិភាពវិហាររុស្ស៊ីនៅលើភ្នំពិសិដ្ឋ Athos នៅប៉ែកខាងត្បូងប្រទេសក្រិក ភ្នំនេះដែលមានកំពស់ ២,០៣៣ម៉ែត្រ ជាទីប្រជុំនៃវិហារគ្រិស្តសាសនាអ័រថូដុក្ស តាំងពីសតវត្សរ៍ទី៧ មក។
ប្រមុខគ្រិស្តសាសនា អ័រថូដុក្ស ទូទាំងប្រទេសរុស្ស៊ី សម្តេចសង្ឃ Kirill ដែលត្រូវគេចាត់ទុកថា ជំនិតនឹងវិមានក្រេមឡាំងក៏នឹងនិមន្តទៅបំពេញទស្សនកិច្ចនៅប្រទេសក្រិកដែរគឺពីថ្ងៃ២៧ដល់២៩ ខែឧសភា ដើម្បីចូលរួមទទួលអំណរអបអរខួបសហស្សវត្សរ៍នោះ។ កាលពីសប្តាហ៍មុនព្រះអង្គបានមានសង្ឃដីកាថា ថ្ងៃ២៧ ខែឧសភា អាត្មាសង្ឃឹមទស្សនាភ្នំ Athos ហើយនឹងស្ថិតនៅទីនោះរហូតដល់ថ្ងៃ២៩ ខែឧសភា ដោយប្រារព្ធជាមួយអ្នកស្រុកនៃភ្នំពិសិដ្ឋ និង ជាមួយបូជនីយេសដ៏ច្រើនរូបខួប ១,០០០ឆ្នាំនៃការចាប់ផ្តើមចាក់ឫសវិហាររុស្ស៊ីនៅលើភ្នំ Athos។
ជាការកត់សម្គាល់សម្រាប់លោកប្រធានាធិបតី ពូទីន បើគិតក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះជាលើកទី១ ដែលគាត់នឹងចេញដំណើរទៅធ្វើទស្សនកិច្ចនៅក្រិកជាប្រទេសសមាជិកសហភាពអឺរ៉ុបបន្ទាប់ពីគាត់បានបំពេញទស្សនកិច្ច ក្នុងប្រទេសមួយទៀតរបស់សហភាពនេះគឺប្រទេសហុងគ្រីកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយផ្តល់កិត្តយសដល់នាយករដ្ឋមន្ត្រីប្រទេសនេះគឺលោក Victor Orban៕
ប្រែសម្រួល៖ សាធី