ប្រទេសវៀតណាម : ក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លោក ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០ ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមុិញ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមប្រកួតរបស់ក្រុមបាញ់កាំភ្លើងដៃកងទ័ពជើងគោកកម្ពុជាចំនួន ៥៥ រូប។
សូមបញ្ជាក់ថា, នៅក្នុងពិធីនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាង មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន ទាំង ១០ ប្រទេស បានអញ្ជើញចូលរួមប្រកួតបាញ់កាំភ្លើង មិត្តភាព និងដាំដើមឈើមិត្តភាព ព្រមទាំងបានទស្សនា ការសម្ដែងសិល្បទស្សនីយភាពផ្សេងៗ ដែលរៀបចំដោយ កងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានបញ្ចប់ទៅប្រកបដោយ មនោសញ្ចេតនា និង ស្មារតីភាតរភាពស្និទ្ធស្នាល បន្ទាប់ពី ត្រូវបានខកខាករៀបចំអស់រយៈពេល ០២ ឆ្នាំជាប់គ្នាមក គឺឆ្នាំ២០២០និង២០២១ កន្លងទៅនេះ ដោយសារការ រីករាលដាលនៃជំងឺកូវីដ១៩។
ដោយឡែកសម្រាប់ឆ្នាំ២០២៣ ខាង មុខកងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជា ម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន (AARM) នេះ រួមទាំងកិច្ចប្រជុំ ពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (AACAM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM)៕
ដោយ : សហការី