ភ្នំពេញ ៖ នៅម៉ោង ៩៖៥០ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ាន-ឥណ្ឌា បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា រវាងអាស៊ាន-ឥណ្ឌា (19th ASEAN – India Summit to Commemorate the 30th Anniversary of ASEAN – India Dialogue Relations) ដែលរៀបចំដោយកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថា, កិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធាន ២រូប គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និងលោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា។
បើតាមផែនការ កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ ប្រ ទេសប្រ៊ុយណេ ដា រូ សាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៉ី។ ដោយឡែកប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។ លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនាតាមវិស័យ (Sectoral Dialogue Partnership) ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ (Dialogue Dartnership) ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
សូមជម្រាបជូនចា, នៅលើប្រព័ន្ធ Telegram សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ថា (សម្ដេចតេជោ ហ៊ុន សែន និងប្រមុខដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំអាស៊ាន-ឥណ្ឌា )
នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីជំនួបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានជាមួយ SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា រួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដោយមានការចួលរួមពីប្រមុខដឹកនាំអាស៊ាន និងឯកឧត្ដម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា នៅសណ្ឋាគារសុខាភ្នំពេញ។
លោក Jagdeep Dhankhar អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោកស្រី អញ្ជើញមកដល់រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា, កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ ៕
ដោយ : សុខ ខេមរា