ភ្នំពេញ : នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ លោក JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌា ។
ក្នុងឱកាសដែល លោកអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ នៅរាជធានីភ្នំពេញ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអនុប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌារបស់លោក និងគណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការគាំទ្រតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និងទំនាក់ទំនងដ៏ជិតស្និទ្ធនៃភាពជាដៃគូអាស៊ាន-ឥណ្ឌា ព្រមទាំងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ៕
ដោយ : សហការី