នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៌មាន
នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា- សហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំទ្វេភាគី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបទ្វេភាគីនៅទីក្រុងតូក្យូ កាលពីខែកញ្ញាកន្លងទៅ និង បានគូសបញ្ជាក់ថា វត្តមានរបស់ លោកប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនង អាស៊ាន-សហភាពអ៊ឺរ៉ុប ខណៈដែលអង្គការទាំងពីរកំពុងប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន- សហភាពអឺរ៉ុប។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការបន្តកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈយន្តការ COVAX។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏បានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងដល់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន- សហភាពអឺរ៉ុប ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែល នឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ហើយដែលនឹងធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានគូសបញ្ជាក់អំពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការ ចែករំលែកបទពិសោធន៍នៃការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់ អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ បានជម្រាបជូនឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបថា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាល ជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជួនអ្នកដោះមីនទៅជួយបណ្ដុះបណ្តាលអ្នកដោះមីនរបស់ អ៊ុយក្រែន នៅប្រទេសប៉ូឡូញ ហើយបានបញ្ជូនសំណើរបស់អ៊ុយក្រែនទៅរដ្ឋាភិបាលជប៉ុនដើម្បី ជួយផ្តល់ឧបករណ៍ដោះមីនសម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន។

លោកប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញការអនុវត្ត 5PCs ស្ដីពីបញ្ហាមីយ៉ាន់ម៉ា និងគំនិតផ្តួចផ្តើមរបស់កម្ពុជា និងជប៉ុន ដើម្បី ជួយដោះមីននៅអ៊ុយក្រែន៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print