ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅមុនបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ញញួរប្រធានអាស៊ាន ជូនដល់ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ី ដែលជាសហស្ថាបនិកអាស៊ាន បានក្លាយទៅជាប្រធានអាស៊ានប្តូរវេន ជាថ្មី បន្តពីប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ។
នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ មេដឹកនាំសមាជិកអាស៊ាន និងប្រទេសដៃគូ ១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក ក្នុងនោះមេដឹកនាំដែលចាកចេញនៅរសៀល និងល្ងាចថ្ងៃនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ នាយករដ្ឋមន្រ្តីចិន, នាយករដ្ឋមន្រ្តីវៀតណាម, ប្រធានាធិបតីកូរ៉េខាងត្បូង, នាយករដ្ឋមន្រ្តីសឹង្ហបុរី, ប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតីឥណ្ឌា, នាយករដ្ឋមន្រ្តីជប៉ុន, ប្រធានាធិនតីឥណ្ឌូណេស៊ី, រដ្ឋមន្រ្តីការបរទេសរុស្ស៉ី, នាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីថៃផងដែរ។
សូមបញ្ជាក់ថា, ៖ តាមកម្មវិធីដែលគ្រោងទុក ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន រួមទាំងបណ្តាមេដឹកនាំអាស៊ាន និងដៃគូ សរុបចំនួន១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក ៕
ដោយ : សិលា