ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានវាយតម្លៃចំពោះការនាំចេញនិងនាំចូលនៅក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២ នេះមានការកើតឡើងជិត 20% ហើយថាសហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេនៅក្នុង ចំណោមពីផ្សារដូចច្រើនផ្សេងទៀត។ បន្ទាប់ពីសហរដ្ឋ អាមេរិកគឺប្រទេសជិតខាងកម្ពុជាយើងនោះគឺប្រទេសវៀតណាមដែលទទួលទីផ្សារធំទី២។
របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឲ្យដឹងថា កម្ពុជា នាំចេញទំនិញទៅក្រៅប្រទេស មាន តម្លៃសរុប ១៨,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ មានកំណើន ១៩,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅតែបន្តកើនឡើង។
យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីផ្សារអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់កម្ពុជា ដែលបាននាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប ៧,៦ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤០ភាគរយ នៃតម្លៃនាំចេញសរុប។
បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេសវៀតណាម ជាទីផ្សារធំបំផុតទីពីរ នាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប ១,៦ ពាន់លានដុល្លារ។
ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ មានទឹកប្រាក់សរុប ៤៤,៥ ពាន់លានដុល្លារ មានកំណើន ១៤,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ដោយ៖ សូរិយា