ភ្នំពេញ : នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរ ដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។
កិច្ចប្រជុំកំពូល G20
តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជា ប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះ បាលី ប្រទេសឥណ្ឌូនេស៊ី។
ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី “ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញ កាន់តែរឹងមាំ» សម្ដេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និង ថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺ រាតត្បាត។
ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកម្មវិធី អាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីបារាំង ហើយក៏រំពឹងថា នឹង មានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួន ផងដែរ។
ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុង និម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាងអាទិភាព
៊សំខាន់ៗរបស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅ រកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញ ចូលរួមក្នុង “កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងថ្លែងសុន្ទរកថាក្នុងពិធីបើក កិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹង ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»។ បទអន្តរាគមន៍របស់សម្តេចតេជោ នឹងរួម ចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើនប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការ រវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរការ តភ្ជាប់ និងតុល្យភាព»។
អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត នឹងអញ្ជើញចូលគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ភ្ល ចៅយូហួរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ និងសម្តេចព្រះមហាក្សតី ស៊ុធីតា ផាត់ឆរៈស៊ុថាភិម៉ុនឡាក់សៈណៈ នៅក្នុងព្រះបរមរាជវាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី បារាំង Emmanuel MACRON នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ៕
ដោយ : សុខ ខេមរា