អូស្ត្រាលីគឺជាអ្នកដាក់ទណ្ឌកម្មទៅលើ ចិនមុន ទើបធ្វើឲ្យចិនត្រូវដាក់ទណ្ឌកម្មសងសឹកវិញ។ ការដាក់ទណ្ឌកម្មនោះបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់អូស្ត្រាលី ទាំងនោះហើយទើបរដ្ឋាភិបាលទីក្រុង( Canberra ) សង្ឃឹមថា ចិននឹងលុបទណ្ឌកម្មក្នុងវិស័យពាណិជ្ជកម្ម។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងប្រធានាធិបតីចិន លោក ស៊ីជីនពីង នឹងជួបពិភាក្សាទ្វេភាគី នៅថ្ងៃទី ១៥ខែវិច្ឆិកា បន្ទាប់ពីកិច្ចប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៥និង ១៦ ។
នោះជាជំនួបលើកដំបូងបង្អស់ រវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្រោយការធ្លាក់ចុះនៃទំនាក់ទំនង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពេលមកដល់កោះបាលី នៅ១១ខែវិច្ឆិកា នេះ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូល G20 លោក អាល់បានីស បាននិយាយដូច្នេះថា «យើងបោះជំហានដើរចូលកិច្ចពិភាក្សានេះ ដោយសុឆន្ទៈ និងមិនមានកំណត់បុរេលក្ខខណ្ឌអ្វីទាំងអស់។ ខ្ញុំទន្ទឹងរង់ចាំកិច្ចសន្ទនាប្រកបដោយការស្ថាបនា ជាមួយលោក ស៉ី ជីនពីង នៅថ្ងៃស្អែក»។
មេដឹកនាំអូស្រ្តាលីនិងចិន មិនធ្លាប់មានកិច្ចពិភាក្សាទ្វេភាគី ជាលក្ខណៈផ្លូវការនោះឡើយ ក្នុងរយៈពេលប្រមាណជា ៥ឆ្នាំមកនេះ។ កាលពីកំទ្បុងពេលកិច្ចប្រជុំកំពូល G20 នៅឯប្រទេសជប៉ុន ឆ្នាំ២០១៩ លោក ស្កុត ម៉ូរីសុន (Scott Morrison) ដែលកាលនោះជានាយករដ្ឋមន្រ្តីអូស្រ្តាលី បានជួបជជែកគ្នាមួយភ្លែតជាមួយលោក ស៉ី ជីនពីង។ រីឯកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក អាល់បានីស ក៏បានជួបនិយាយលក្ខណៈក្រៅផ្លូវដូចគ្នា ជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង (Li Keqiang)កំទ្បុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជាផងដែរ។
ចិននៅតែបន្តជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្រ្តាលីដដែល ប៉ុន្តែទំនាក់ទំនងទ្វេភាគីវិញ គឺបានចាប់ផ្តើមជួបភាពល្អក់កករ ដោយសារបញ្ហាវិវាទជុំវិញឥទ្ធិពលនិងអាប្បកិរិយារបស់ចិន នៅក្នុងតំបន់ប៉ាស៉ីហ្វិក ហើយក៏បានឈានដល់ការដួលរលំទាំងស្រុងតែម្តង បន្ទាប់ពីទីក្រុង ( Canberra ) បានអំពាវនាវឱ្យមាន ការស៉ើបអង្កេតលើប្រភពដើមនៃវិបត្តិជំងឺកូវីដ១៩។ យ៉ាងណាក្តីចាប់តាំងពីលោក អាល់បានីស បានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំនេះ អូស្រ្តាលីបានបង្ហាញសញ្ញាជាច្រើនលើក អំពីបំណងចង់ស្វែងរកការចរចាគ្នា ដើម្បីស្តារទំនាក់ទំនងឡើងវិញជាមួយចិន៕ ដោយធីរីណា
រូបថត : TTXVN