ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅកិច្ចប្រជុំ G20 រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បាននិយាយថា គំនិតផ្តួចផ្តើមដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ីនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិននិងឥណ្ឌា។
លោកស្រី Yellen បាននិយាយថា “យើងមើលឃើញថា ការកំណត់តម្លៃថាមពល គឺល្អសម្រាប់ប្រទេសចិន ល្អសម្រាប់ឥណ្ឌា និងមានប្រយោជន៍សម្រាប់អ្នកទិញប្រេងរុស្ស៊ីទាំងអស់” ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកក៏បាននិយាយផងដែរថា ការទិញប្រេងឆៅពីរុស្ស៊ីនាពេលបច្ចុប្បន្នរបស់ចិនគឺ “ស្របទាំងស្រុង” ជាមួយនឹងផែនការរបស់លោកខាងលិចក្នុងការរារាំងប្រេងឆៅរុស្ស៊ីឱ្យហូរទៅកាន់ទីផ្សារអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ ចិនឬឥណ្ឌាបានបដិសេធមិនចូលរួមកំណត់តម្លៃនោះទេ បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីឱ្យចិននិងឥណ្ឌាចូលរួមក៏ដោយ ដោយសំអាងថា ការកំណត់តម្លៃនឹងធ្វើឱ្យប្រេងរុស្ស៊ីដែលនាំចូលមានតម្លៃថ្លៃជាងមុន។
ប៉ុន្មានថ្ងៃមុនការប្រកាសរបស់ប្រទេសចិន លោកស្រី Yellen បាននិយាយថា លោកស្រីសង្ឃឹមថា ប្រទេសឥណ្ឌានឹងទាញយកអត្ថប្រយោជន៍ពីការចូលរួមក្នុងតម្លៃកំណត់ ដោយហេតុនេះធ្វើឱ្យប្រេងរុស្ស៊ីមានតម្លៃថោក។
អ្នកវិភាគភាគច្រើនចង្អុលបង្ហាញថា ចិននិងឥណ្ឌាមានសារៈសំខាន់ចំពោះភាពជោគជ័យនៃគម្រោងកំណត់តម្លៃ ដោយសារប្រទេសទាំងពីរជាអ្នកទិញប្រេងដ៏ធំបំផុតរបស់រុស្ស៊ី។
កន្លងមកចិន និងឥណ្ឌាបានបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកជាងទីផ្សារ ខណៈដែលប្រេងរបស់រុស្ស៊ីត្រូវបានហាមឃាត់នៅក្នុងតំបន់អឺរ៉ុប ៕ ដោយធីរីណា
រូបថត : Petrotimes.vn
រូបថត : TTXVN-VNA