នៅក្នុងកិច្ចព្រមព្រៀងដែលអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល បានអនុញ្ញាតឱ្យអ៊ុយក្រែននាំគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅបន្ថែម១២០ថ្ងៃទៀត។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បានឱ្យដឹងថា កិច្ចព្រមព្រៀងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្រ្តីអ៊ុយក្រែននិងតួកគីនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពឆ្លងកាត់សមុទ្រខ្មៅចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី គឺត្រូវបានបន្តសុពលភាពរយៈពេល១២០ថ្ងៃបន្ថែមទៀត។
អ៊ុយក្រែនគឺជាប្រទេសកំពូលមួយ ខាងនាំចេញគ្រាប់ធញ្ញជាតិ ប៉ុន្តែការនាំចេញបានជួបបញ្ហារាំងស្ទះដោយសារតែការឈ្លានពានរបស់រុស្ស៉ីកាលពីចុងខែកុម្ភៈ។ មកដល់ខែកក្កដា កិច្ចព្រមព្រៀងរវាងភាគីជម្លោះត្រូវសម្រេចបានក្រោមការសម្របសម្រួលរបស់តួកគី និងអង្គការសហប្រជាជាតិ (UN) ជាមួយគោលដៅបើកឡើងវិញនូវការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនពីកំពង់ផែចំនួន៣ នៅជាប់សមុទ្រខ្មៅ។
មុនការបន្តសុពលភាព កិច្ចព្រមព្រៀងខាងលើ នឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ចាប់តាំងពីដើមខែសីហាមក ផលិតផលកសិកម្មសរុបប្រហែល១១.១លានតោនត្រូវបានដឹកជញ្ជូនចេញពីអ៊ុយក្រែនតាមសមុទ្រខ្មៅ ក្នុងនោះរួមមានទាំងពោត ៤.៥លានតោន និងស្រូវសាលី៣.២លានតោន៕ ដោយធីរីណា
រូបថត : TTXVN -VNA