ខេត្តកំពង់ឆ្នាំង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដេីម្បីទប់ស្កាត់បទល្មើសនេសាទនៅលេីផ្ទៃទឹក កម្លាំងចម្រុះស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុងនៅចំណុចស្វាស្លាប់បឹងផុក ក្រោយភូមិអង្គជ្រុំ ស្រុកជលគិរី។
របាយការណ៍ដដែលបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក មុត ម៉េង នាយករដ្ឋបាលសាលាស្រុកជលគិរី សរុបចំនួន ១៣ នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៣គ្រឿង កាលពីថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញនេះ បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុចស្វាស្លាប់ បឹងផុក ក្រោយភូមិអង្គជ្រុំ ភូមិអន្លង់អក ភូមិបឹងឆកឬស្សី ស្ថិតនៅក្នុងឃុំកោះថ្កូវ និងឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលសម្រេចបានរួមមាន៖
១.រុះរើរបាំងស្បៃមុងចំនួន ២៤ កន្លែង ប្រវែង ១២០០ ម៉ែត្រ
២.លបលូស្បៃមុងចំនួន ២៤លប
៣.បង្គោលសរុបចំនួន ២៥០ ដើម
៤.ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១៥០ គីឡូក្រាម។
ក្រោយប្រតិបត្តិការចប់ ឧបករណ៍សម្ភារៈរឹបអូសបានត្រូវបានបំផ្លាញចោលនៅនឹងកន្លែង៕ ដោយ៖សហការី