ភ្នំពេញ : បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា សូមស្វាគមន៍ការដោះលែងអ្នក ទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោក ច ទិនស្វេ អតីតរដ្ឋមន្រ្តីការិយាល័យទីប្រឹក្សារដ្ឋ អ្នកស្រី ឡី ឡី ម៉ អតីតអភិបាលតំបន់តានីនតាយី (Tanintharyi) លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់៨៨៨៨ បណ្ឌិត ម្ញោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអ្នកនាំពាក្យនៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្តាលបក្ស NLD លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD សាស្ត្រាចារ្យ ម៉ោង តាធូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ា លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភព អង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី លោកសាស្ត្រាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយ សេដ្ឋកិច្ចរបស់លោកស្រី អោង សាន់ស៊ូជី លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាពយន្តជប៉ុន និងលោក ច ថេ អ៊ូ ជាពលរដ្ឋអាមេរិក។
បេសកជនពិសេសចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិកាដ៏សំខាន់ក្នុង ទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុងចំណោម ភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះ ស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី នឹងបំណងប្រាថ្នានៃកិច្ច ព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ២០២១។
ក្នុងបំណងបន្តកិច្ចប្រឹងប្រែងដែលបានធ្វើតាំងតែពីដើមអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ បេសកជនពិសេសនឹង ធ្វើដំណើរទស្សនកិច្ចលើកទី៣ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដោយសង្ឃឹម ថានឹងអាចសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតលើអាទិភាពចំនួនបីនៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន ៕
ដោយ : សុខ ខេមរា