រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញក្នុងពិធីសម្ពោធបណ្ណាល័យនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖​ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យដែលមានផ្ទៃក្រឡាចំនួន២១២.៤ម៉ែត្រការ៉េ​ ដែលអាចផ្ទុកអ្នកអានបានប្រមាណ៩០នាក់ និងសៀវភៅប្រមាណចំនួន១០០០០ក្បាល ដែលជាចំនួនមួយឆ្លើយតបទៅនឹងចំនួនគ្រូឧទ្ទេស និងគរុសិស្ស នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២​ ខេត្តព្រៃវែង ។

សព្វថ្ងៃនេះបណ្ណាល័យមានសៀវភៅសរុបចំនួន ៥០០០ក្បាល ដែលបានចុះលេខកូដត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។​ ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី​ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង លោកគ្រូ អ្នកគ្រូ និងគរុនិស្សិតជាច្រើនផងដែរ។

នាក្នុងឱកាសនោះដែរ​ លោកបណ្ឌិតសភាចារ្យ​ ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំបណ្ណាល័យនៅតាមមជ្ឈមណ្ឌលភូមិភាគ ឱ្យទៅជាបណ្ណាល័យមួយថ្មីមានស្តង់ដាខ្ពស់ មានសោភណ្ឌភាព ដែលអាចទាក់ទាញ គរុសិស្ស គ្រូឧទ្ទេស ចូលអានក្នុងការបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស។

លោករដ្ឋមន្ត្រី​បានបញ្ជាក់ថា​ ក្រសួងអប់រំ យុវជន និងកីឡា​បានមើលឃើញថា ការជម្រុញការអាន​ និងការស្រាវជ្រាវគឺជាធាតុមួយចាំបាច់មិនអាចខ្វះបាន ហេតុនេះក្រសួងបានកែលម្អបណ្ណាល័យ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ចាប់ពីឆ្នាំ២០២០មក ក្នុងនោះមានគរុកោសល្យភូមិភាគកំពង់ចាម តាកែវ ព្រៃវែង និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។

បណ្ណាល័យនីមួយៗមានកន្លែងអានដែលឆ្លើយតបទៅនឹងអ្នកអាន ដែលមានតម្រូវការខុសៗគ្នា បញ្ជរកុំព្យូទ័របន្ទប់ពហុបំណងព្រមទាំងបន្ទប់​ និងកន្លែងបំពេញការងាររបស់បណ្ណរក្សផងដែរ។​ បណ្ណាល័យទាំងមូលមានបំពាក់គ្រឿងបរិក្ខាទំនើបទាន់សម័យ កន្លែងអង្គុយមានផាសុកភាព ម៉ាស៊ីនត្រជាក់ កុំព្យូទ័រក្នុងការស្រាវជ្រាវ ព្រមទាំងសៀវភៅភាសាអង់គ្លេស បារាំង និងខ្មែរជាច្រើនទៀត។​ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ដែលជាបណ្ណារក្សជួយថែរក្សាបណ្ណាល័យ និងសម្ភារបរិក្ខាទាំងនេះឱ្យបានគង់វង្សទុកជាប្រយោជន៍ដល់កូនចៅយើងទាំងអស់៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print