មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹង វរសនាតូចលេខ៥២៣ ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ នាយទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២

ចែករំលែក៖

ខេត្តបាត់ដំបង : នាថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹង វរសនាតូចលេខ៥២៣ ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ នាយទាហាន ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២។

មានការអញ្ជើញចូលរួមពី នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការទិសទី៣ សំឡូត មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង កងពលតូចថ្មើរជើងលេខ៥២ មេបញ្ជាការអង្គភាពចំណុះយោធភូមិភាគទី៥។

លទ្ធផលបញ្ចប់វគ្គហ្វឹកហ្វឺនក្រោយពេលបានបញ្ចប់ការងារហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល ៦១ថ្ងៃ ក្រុមការងារបានវាយតម្លៃបូកសរុបលទ្ធផល មានដូចខាងក្រោម ៖
– និទ្ទេសល្អ ចំនួន ២៥នាក់ = ២៥%
– និទ្ទេសបង្គួរ ចំនួន ៦០នាក់ = ៦០%
– និទ្ទេសមធ្យម ចំនួន ១៥នាក់ = ១៥%

លោក ឧត្តមសេនីយ៍ឯក ឯក សំអូន បានវាយតម្លៃខ្ពស់ចំពោះកងពលតូចថ្មើរជើងលេខ៥២ វរសេនាតូច៥២៣ គណៈគ្រប់គ្រងវគ្គ ក្រុមយោធាចារ្យ ដែលបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអបអរសាទរ ព្រមជាមួយនិងការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។

លោក បានផ្តល់តម្លៃយ៉ាងសំខាន់លើ ការងារហ្វឹកហ្វឺន ព្រោះជាមូលដ្ឋាននៃអ្វីៗទាំងអស់ ទាំងការកសាងសមត្ថភាពធនធានមនុស្ស ការថែរក្សា និងការបង្កើនសមត្ថភាព ដើម្បីបន្តធានានិរន្តរភាពការងារ។ ក្នុងន័យនេះ ការធ្វើទំនើបកម្មលើការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាពដែលមានសារៈសំខាន់ ដោយក្នុងនេះចាំបាច់ត្រូវផ្តោតលើទំនើបកម្មផ្នែកឯកសារ និងការស្រាវជ្រាវ ទំនើបកម្មវិធីសិក្សា។

លោកឧត្តមសេនីយ៍ឯក បានណែនាំឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ ធ្វើការណែនាំអនុវត្តអនាម័យត្រឹមត្រូវ ការរស់នៅក្នុងអង្គភាពនិងគ្រួសារ។
ស្នើដល់យោធិនគ្រប់រូប សូមចៀសឱ្យឆ្ងាយពីការជួញដូរ និងសេពគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលទើបតែត្រូវបានប្រកាសតែងតាំង និងបំពាក់ឋានន្ដរសក្ដិក្នុងថ្ងៃនេះ ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលអង្គភាពបានប្រគល់ឱ្យដើម្បីពង្រឹងបន្ថែមសមត្ថភាព មានបទពិសោធការងារ ដើម្បីបន្តទទួលបានកិត្តិយស និងមុខងារឱ្យខ្ពស់ជាងនេះថែមទៀត ក៏ដូចជាបង្កើននូវសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងអង្គភាពផងដែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន សូមប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត លោក ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍន៍ជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

ជាទីបញ្ជប់ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រកាសបិទវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ និងបានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀល ដល់វគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥២៣ របស់កងពលតូចថ្មើរជើងលេខ៥២ផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print