តំណាងអយ្យការធ្វើការចោទប្រកាន់ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី

ចែករំលែក៖

ខេត្តកណ្តាល : សង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រព្រឹត្តអំពើពុករលួយ កិបកេងលុយប្រជាពលរដ្ឋក្រីក្រប្រមាណ ៧០លានរៀល បើកយកមកទុកខ្លួនឯង ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី បានចេញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ហើយនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនទៅកាន់អយ្យការ។ បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងដំណើរការរបស់ចៅក្រមស៊ើបសួរ កំពុងសាកសួរតាមនីតិវិធី ។

សូមបញ្ជាក់ថា, កន្លងទៅថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារណជនថា អ.ប.ព. ពិតជាបានទទួលជន សង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចការ ចុះផ្សាយរបស់សារព័ត៌មាននានា។

អ.ប.ព. សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

អ.ប.ព. សូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវរបស់ លោកប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយ លោកអភិបាល នៃ គណៈអភិបាលខេត្តកណ្តាល លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់ តាខ្មៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។

អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណៈជនរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំង អំពើពុករលួយ ជាបន្ទាន់។
អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន ៕

...

ដោយ : ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print