រដ្ឋមន្រ្តីសាធារណការឥណ្ឌូនេស៊ីក្លាយជាអ្នកថតរូបដ៏ស្វិតស្វាញមួយរូបនៅឯកិច្ចប្រជុំG20

ចែករំលែក៖

ប្រទេសឥណ្ឌូណេស៊ី : រដ្ឋមន្រ្តីសាធារណការឥណ្ឌូនេស៊ីក្លាយជាអ្នកថតរូបដ៏ស្វិតស្វាញមួយរូបនៅឯកិច្ចប្រជុំG20 ទោះជាត្រូវគេដេញ ឬឱ្យថតឆ្ងាយពីមេដឹកនាំក្តី។ នេះជាកាតប្រមាញក្រៅឆាក របស់អ្នកកាសែតជើងចាស់របស់កម្ពុជា គឺលោក ពុយ គា អ្នកឆ្លើយឆ្លងកាសែតជប៉ុន បានបង្ហោះនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ពុយ គា បានសរសេរថា, លោកស្លៀកពាក់ដូចអ្នកថតរូបដទៃទៀតដែររួមទាំងស្ទីលពាក់មួកបញ្រ្ចាសទៅក្រោយ ហើយមានមនុស្សតិចណាស់បានដឹង លើកលែងតែជនជាតិឥណ្ឌូនេស៊ីមួយចំនួនដែលតាមដានព័ត៌មានប៉ុណ្ណោះ។ លោក Basuki Hadimuljono អាយុ 68 ឆ្នាំ ជារដ្ឋមន្រ្តីជំនិតមួយរូបរបស់ប្រធានាធិបតី លោក Jokowi ហើយក៏ជារដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាពដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅក្នុងប្រទេស។ លោក Basuki ជាអ្នកវាយស្គរផង និងដេញហ្គីតាផង ទោះជាលោកក្លាយជារដ្ឋមន្រ្តីក៏ដោយ។ លោក Basuki ត្រូវបានអ្នកសារព័ត៌មានតាមប្រមាញ់នូវសកម្មភាពរបស់គាត់ជាអ្នកថតរូបនៅឯពិធីនានាដែលគាត់អាចឆ្លៀតបាន និងនៅតែបន្តលេងភ្លេង ហើយម្តងម្កាល លោកស្រី Retno រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន ក៏ចូលរួមជាមួយគាត់ក្នុងនាមជាអ្នកចម្រៀងផងដែរ។ និយាយដល់កន្លែងនេះ ខ្ញុំក៏នឹកឃើញដល់រដ្ឋមន្រ្តីការបរទេសកម្ពុជាបច្ចប្បន្ន លោក ប្រាក់ សុខុន ដែលមិនមែនពូកែត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ តែថែមទាំងជាអ្នកលេងហ្គីតានិងជាអ្នកចម្រៀងដ៏ឆ្នើមមួយរូបនៅក្នុង “ក្រុមភ្លេងតាតា” ហើយជារឿយៗ លោកចូលចិត្តច្រៀងបទ “Your Man”
ជាភាសាអង់គ្លេសហើយដេញហ្គីតាសាំក្នុងពេលតែមួយ។ “Your Man” ជាបទចម្រៀងមនោសញ្ចេតនាបែបស្រុកស្រែនៅសហរដ្ឋអាម៉េរិកច្រៀងដោយលោក Josh Turner នៅឆ្នាំ2005 ហើយដែលនារីៗតែងលួចស្រលាញ់អត្ថន័យនៃបទចម្រៀងមួយនេះនិងម្ចាស់សំនៀងផងដែរ។ កាលពីដើមខែសីហា ក្នុងឆ្នាំនេះ ក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចប់ដោយជោគជ័យ លោក ប្រាក់ សុខុន ដែលមានឋានៈជាឧបនាយករដ្ឋមន្រ្តីផងនោះ បានរៀបចំពិធីជប់លៀងមួយ ហើយក៏ដើម្បីរំលឹកខួប៥៥ឆ្នាំថ្ងៃកំណើតអាស៊ានផង បានឡើងលើវេទិកា “ទាញហ្គីតាមកដេញ ហើយច្រៀងយ៉ាងឡូយ” ធ្វើឱ្យអ្នកចូលរួមទះដៃ និងរំភើបជំនួស។
តើនៅកម្ពុជាមានរដ្ឋមន្រ្តីប៉ុន្មានរូបដែលចេះលេងភ្លេង ច្រៀង និងរាំពូកែ? ខ្ញុំនឹងសរសេរនៅក្នុងសៀវភៅ “អាថ៌កំបាំងក្រៅឆាកភាគ២របស់ខ្ញុំ”៕

...

ដោយ : លោក ពុយ គា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print