ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននៅព្រឹកនេះ នឹងចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។

ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាននៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំគ្នាដោយផ្ទាល់លើកដំបូងរបស់ AIPA ក្រោយពីការរាតត្បាតនៃជំងឺកូរីដ១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។ មហាសន្និបាតAIPA លើកទី៤១ ក្នុងឆ្នាំ២០២០ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងមហាសន្និបាតអោយប៉ាលើកទី៤២ ក្នុងឆ្នាំ២០២១ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ គឺបានរៀបចំឡើងតាមរយៈប្រព័ន្ធប្រព័ន្ធវីដេអូ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយ ដែលសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិកទាំងអស់បានជួបជុំ ធ្វើការចែករំលែកបទពិសោធន៍ ទស្សនៈវិស័យរៀងៗខ្លួន នៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិទូទាំងសកលលោក។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពីធីនេះនៅម៉ោង 9:00 នាទីព្រឹក ពីសណ្ឋាគារសុខា ភ្នំពេញ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print