ប្រធានាធិបតីបៃដិន ក្លាយជាប្រធានាធិបតីវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក

ចែករំលែក៖

នៅពេលនេះលោកបៃដិនបានឈានចូលដល់វ័យ៨០ឆ្នាំហើយ ធ្វើឱ្យលោកក្លាយទៅជាប្រមុខដឹកនាំអាមេរិក ដែលមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ ប្រសិនបើលោកជាប់ឆ្នោតមួយអាណត្តិទៀតនៅឆ្នាំ២០២៤ ហើយបន្តកាន់តំណែងដល់ឆ្នាំ ២០២៨នោះ លោកនឹងមានវ័យ៨៦ឆ្នាំហើយ។

សារព័ត៌មាន Reuters នៅថ្ងៃចន្ទទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា លោក ចូ បៃដិន នៅថ្ងៃទី២០ខែវិច្ឆិកា (ពេលវេលានៅសហរដ្ឋអាមេរិក) បានឈានចូលអាយុ៨០ឆ្នាំហើយ ដែលនេះបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីដំបូងគេបំផុតដែលមានអាយុ៨០ឆ្នាំ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។
តាមពិតទៅ ជាទូទៅនៅក្នុងសហរដ្ឋអាមេរិក អាយុត្រូវចូលនិវត្តន៍គឺ៦៥ឆ្នាំ ប៉ុន្តែប្រជាជនអាមេរិករាប់លាននាក់ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិកផង បច្ចុប្បន្នកំពុងធ្វើការលើសអាយុចូលនិវត្តន៍នេះទៅទៀត។ បញ្ហាអាយុរបស់លោក ចូ បៃដិន បាន និងកំពុងក្លាយជាកង្វល់មួយសម្រាប់គណបក្សប្រជាធិបតេយ្យ ខណៈដែលអ្នកប្រជាធិបតេយ្យមួយចំនួនយល់ថា លោក បៃដិន មិនគួរឈរឈ្មោះប្រកួតប្រជែងជាថ្មីសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤នោះទេ។
តាមការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos នៅចន្លោះពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកានេះបានបង្ហាញថា អ្នកប្រជាធិបតេយ្យ ៧១ភាគរយ នៅតែជឿថាលោក បៃដិន មានសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានា ហើយ៤៦ភាគរយ និយាយថា លោកមិនគួរឈរឈ្មោះជាថ្មីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤នោះទេ។ បើតាមការស្ទង់មតិដដែល អ្នកសាធារណរដ្ឋត្រឹមតែ២៦ភាគរយប៉ុណ្ណោះគិតថាលោកមិនគួរឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកសាជាថ្មី។
ចំណែកលោក ដូណាល់ ត្រាំវិញ កាលពីសប្ដាហ៍មុនបានប្រកាសជាផ្លូវការហើយថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ រីឯលោក ចូ បៃដិន មិនទាន់ធ្វើការប្រកាសជាផ្លូវការណាមួយនៅឡើយទេ តែលោកក៏ធ្លាប់បានបង្ហាញពីបំណងចង់ឈរឈ្មោះជាថ្មីផងដែរ៕ ដោយធីរីណា

រូប​ថត​ :CNN

...

រូប​ថត​ : Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print